របបយោធាមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ដោយបានអញ្ជើញ អង្គការប្រដាប់អាវុធ ជនជាតិភាគតិច (EAOs) ដើម្បីចូលរួមកិច្ចចរចា សន្តិភាពបឋម នៅថ្ងៃសហភាព ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍។ ប៉ុន្តែយោធាមិនបានអញ្ជើញអង្គការ ដែលខ្លួនបានប្រកាសថាជា “ក្រុមភេរវករ” ឡើយ។
យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្តល់ជូននេះកើតឡើង នៅពេលដែលមីយ៉ាន់ម៉ា តស៊ូដើម្បីគ្រប់គ្រងប្រទេសមួយឆ្នាំ បន្ទាប់ពីរដ្ឋប្រហារ ហើយប្រឈមមុខ នឹងការប៉ះទង្គិចកាន់តែខ្លាំង នៅទូទាំងប្រទេស ជាមួយកងកម្លាំងតស៊ូស៊ីវិល និងក្រុមប្រដាប់អាវុធ ជនជាតិភាគតិច ដែលជាសម្ព័ន្ធមិត្តជាមួយពួកគេ។
របបយោធាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ខាងសម្លាប់យ៉ាងឃោរឃៅរបស់ខ្លួន ការបាញ់ផ្លោង ការវាយប្រហារតាមអាកាស និងអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិល រួមទាំងនៅក្នុងរដ្ឋ ជនជាតិភាគតិចនេះ បានអះអាងនៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃអាទិត្យថា ការសម្រេចបាននូវសន្តិភាពយូរអង្វែង សម្រាប់ជាតិទាំងមូល គឺជាគោលនយោបាយ ដែលបង្កើតជាផ្នែកនៃផែនទី បង្ហាញផ្លូវរបស់ខ្លួន។ របបនេះបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា “ចាំបាច់ត្រូវផ្តោតលើសន្តិភាពជាអចិន្ត្រៃយ៍ ដោយស្វែងរកដំណោះស្រាយ ក្នុងការចរចា ស្របតាមការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដើម្បីដោះស្រាយបញ្ហានយោបាយ [ដែលមាន] ក្នុងសម័យកាលបន្តបន្ទាប់គ្នា”។
យោធាបានបន្ថែមថា លើកលែងតែក្រុម ដែលត្រូវបានប្រកាសថា ជាក្រុមភេរវករប៉ុណ្ណោះ ដែលខ្លួនមិនអញ្ជើញមក យោធាមិនត្រឹមតែអង្គការ ប្រដាប់អាវុធជនជាតិភាគតិច ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងឈប់បាញ់ទូ ទាំងប្រទេស (NCA) ប៉ុណ្ណោះទេ ប៉ុន្តែក៏មានហត្ថលេខីមិនមែន NCA ផងដែរ មកចូលរួមពិធីទិវាសហភាព Diamond Jubilee និងកិច្ចប្រជុំមុនការសម្របសម្រួលស្តីពី ” ការចរចាសន្តិភាពជារៀងរហូត”៕ ប្រែសម្រួលៈ ណៃ តុលា