ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ កុម្ភៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសក្រសួង ពិនិត្យគម្រោងសាងសង់ ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោងនឹងបើកច្រកនេះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់ ឃ្លាំងទីលានកុងតឺន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឲ្យបានទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។ ច្រកនេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ ៕