ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យ សម្បត្តិធំបំផុត លើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ ភាគហ៊ុនជាសាធារណៈ (IPO)

បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ) បានខាតបង់ទ្រព្យសម្បត្តិចំនួន ២,៦ ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានធ្លាក់ចុះ ៣% កាលពីថ្ងៃពុធ មកនៅត្រឹម ៧៩,៩ ពាន់លានដុល្លារអាមេរិក។

​ការធ្លាក់ចុះនេះ បានធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីដែលខាតបង់ទ្រព្យសម្បត្តិធំបំផុតទី៣ នៅលើពិភពលោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយឈរតាមពីក្រោយមហាសេដ្ឋីរថយន្តអគ្គិសនីលោក Elon Musk ដែលបានខាតបង់ ១៨,៤ ពាន់លានដុល្លារ និងមហាសេដ្ឋីបណ្តាញសង្គមលោក Mark Zuckerberg ដែលបានខាតបង់ ២,៦ ពាន់លានដុល្លារ។

​កាលពីថ្ងៃពុធ ក្រុមហ៊ុនទូរគមនាគមន៍និងឌីជីថល Reliance Jio Platforms របស់លោក បានមើលឃើញកំណើនភាគហ៊ុនឡើងដល់ ២៧% នៅក្នុងការបង្ហាញខ្លួនលើកដំបូងនៅទីក្រុងបុមបៃ។ ព្រឹត្តិការណ៍នេះបានប្រែក្លាយ Jio ទៅជាក្រុមហ៊ុនធំបំផុតទី២ របស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ បន្ទាប់ពីការធ្វើ IPO ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសឥណ្ឌា។

​យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃប៉ាន់ស្មានរបស់ក្រុមហ៊ុន Jio ដែលមានប្រមាណ ១៣៧ ពាន់លានដុល្លារ ក៏បានជួយរុញតម្លៃទីផ្សាររួមបញ្ចូលគ្នានៃក្រុមហ៊ុនចម្រុះ Reliance ទាំងមូលឱ្យឡើងដល់ ៣២០ ពាន់លានដុល្លារផងដែរ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនកំពូលរបស់ឥណ្ឌា ដោយវ៉ាដាច់ក្រុមហ៊ុន Tata Group ដែលរកស៊ីតាំងពីអំបិលរហូតដល់អាកាសចរណ៍។

​ការចុះបញ្ជីក្រុមហ៊ុន Jio ដែលជាការចុះបញ្ជីលើកដំបូងសម្រាប់ក្រុមហ៊ុនចម្រុះ Reliance ក្នុងរយៈពេលពីរទសវត្សរ៍នេះ គឺជាការជំរុញផែនការរបស់លោក Ambani ក្នុងការប្រែក្លាយ Reliance ពីក្រុមហ៊ុនចម្រុះប្រេងនិងគីមី ទៅជា "ក្រុមហ៊ុនគ្រប់តម្រូវការ" (Everything company) ដែលគ្របដណ្តប់លើផលិតផលប្រើប្រាស់ និងបច្ចេកវិទ្យា។

​ពិធីចុះបញ្ជីកាលពីថ្ងៃពុធនៅទីក្រុងបុមបៃ មានការចូលរួមពីសមាជិកគ្រួសារ Ambani រួមទាំងកូនប្រុសច្បងរបស់លោក Mukesh គឺលោក Akash ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jio ផងដែរ។

​ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនរបស់ក្រុមហ៊ុន Reliance Industries បានធ្លាក់ចុះ ២% ដោយបិទក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជិតបីឆ្នាំ។ ភាគហ៊ុននេះបានធ្លាក់ចុះ ២៦,៥% គិតចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន (Year to date) ដែលជាកត្តាទាញទម្លាក់ទ្រព្យសម្បត្តិសុទ្ធរបស់លោក Ambani។ តាមសេចក្តីរាយការណ៍ គ្រួសាររបស់លោកគ្រប់គ្រងចំណែកភាគហ៊ុន ៥០% នៅក្នុងក្រុមហ៊ុននេះ។

​យោងតាមសារព័ត៌មាន The Economic Times ដំណើរការទីផ្សារភាគហ៊ុននេះ បានកើតឡើងចំពេលដែលមានភាពប្រែប្រួលនៅក្នុងទីផ្សារភាគហ៊ុនឥណ្ឌា ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារថាមពល និងក្តីបារម្ភជុំវិញកំណើនសេដ្ឋកិច្ចសកល។

​បច្ចុប្បន្ន នៅក្នុងតំបន់អាស៊ី លោក Ambani ឈរនៅលេខរៀងទី២ ទាក់ទងនឹងទ្រព្យសម្បត្តិ ដោយតាមពីក្រោយសហស្ថាបនិកក្រុមហ៊ុន TikTok លោក Zhang Yiming ដែលគ្រប់គ្រងទ្រព្យសកម្មចំនួន ៨៤ ពាន់លានដុល្លារ។

ប្រែសម្រួល៖ គីរី

To Top