ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំលោក មួន (Moon Jae-In) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េបង្កើនកូតានាំពលករកម្ពុជា ទៅធ្វើការ នៅប្រទេសកូរ៉េ បន្ថែមទៀត។
នៅក្នុងជំនួប ពិភាក្សាការងារ ជាមួយលោក មួន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំភាគីកូរ៉េ បន្តបង្កើនកូតានាំពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េ បន្ថែមទៀតនឹងបន្តយកចិត្តទុកដាក់ ចំពោះសុខមាលភាព របស់ពលករកម្ពុជា ។
នៅក្នុងជំនួបនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះកូរ៉េ លើការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះ។
សម្ដេចក៏បានស្នើឲ្យលោកប្រធានាធិបតី គាំទ្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន។ សម្ដេចតេជោក៏បានស្នើសុំឲ្យ លោកប្រធានាធិបតីកូរ៉េ គាំទ្រដល់រូបមន្ត១បូក មានន័យថា បើសិនជាក្រុមហ៊ុនកូរ៉េ មានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែម ការវិនិយោគនៅកម្ពុជាផងដែរ។
សម្ដេចតេជោក៏បានស្នើ ឲ្យកូរ៉េមានការគាំទ្រ ក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកកសិឧស្សាហកម្ម និងការកែច្នៃផលិតផល ដូចជាផលិតផលកសិកម្មជាដើម ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ ។
ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍ លើកឡើងអំពីឱកាសល្អ សម្រាប់អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោ ក៏បានស្នើឲ្យលោក ប្រធានាធិបតីកូរ៉េ ជួយជំរុញអ្នកវិនិយោគទុន ពីប្រទេសកូរ៉េមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប លោក មួន ជេអ៊ីន បានមានប្រសាសន៍ថា កូរ៉េនឹងបន្តធ្វើការជាមួយ នឹងកម្ពុជាជាបន្តទៀត ហើយបច្ចុប្បន្ននេះ លោកបានមានប្រសាសន៍ថា មានក្រុមហ៊ុនកូរ៉េ ប្រមាណជា៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា ។
សម្ដេចតេជោ ក៏បានស្នើបន្ថែមទៀតផងដែរ ទាក់ទងទៅនឹង ការអភិវឌ្ឍន៍ធនធានមនុស្ស នៅប្រទេសកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលផ្សេងៗ ក្នុងន័យនេះសម្ដេច បានស្នើឲ្យកូរ៉េបន្តជួយកម្ពុជា លើវិស័យនេះជាបន្តទៀត ដូចជាការបង្កើនការផ្ដល់អាហារូបករណ៍ ជូនដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ដូចជាការបណ្ដុះបណ្ដាលលើជំនាញផ្នែកបច្ចេកទេស និងអាកាសចរស៊ីវិល ជាដើម។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ ទាក់ទងទៅនិងពលករ ដែលមកបម្រើការងារនៅប្រទេសកូរ៉េ។ សម្ដេចតេជោបានស្នើសុំឲ្យកូរ៉េ បន្តបង្កើនកូតានាំពលករកម្ពុជា មកធ្វើការនៅប្រទេសកូរ៉េ បន្ថែមទៀត នឹងបន្តយកចិត្តទុកដាក់ ចំពោះសុខមាលភាព របស់ពលករកម្ពុជា ហើយសម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះកូរ៉េ លើការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ អរគុណដល់កូរ៉េ ទាក់ទងទៅនឹងការកសាង ស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅកម្ពុជា ដែលឆ្លងកាត់ទន្លេមេគង្គ តាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋកម្ពុជា។
សម្ដេចតេជោ ក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសដែលបានផ្ដល់ ឥណទានសម្បទាន ជាពិសេសជំនួយសម្ភារៈ វេជ្ជសាស្រ្តផងដែរសម្រាប់កម្ពុជា ។
នៅក្នុងជំនួបនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក Moon Jae-In ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នា ជុំវិញកិច្ចសហប្រតិបត្តិការលើតំបន់ និងអន្តរជាតិ ជាពិសេសឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយសាធារណរដ្ឋកូរ៉េ ជាប្រទេសដៃគូសន្ទនាមួយ ដ៏សំខាន់របស់អាស៊ានផងដែរ ៕