ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា​ ស្នើកូរ៉េ គាំទ្រដល់ការវិនិយោគ តាមរូបមន្ត១បូក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យលោក មួន ជេអ៊ីន ប្រធានាធិបតី សាធារណកូរ៉េ គាំទ្រដល់រូបមន្ត១បូក មានន័យថា បើសិនជាក្រុមហ៊ុនកូរ៉េ មានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែម ការវិនិយោគនៅកម្ពុជាផងដែរ។

ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក មួន ជេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានស្នើឲ្យលោកប្រធានាធិបតី គាំទ្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន។ សម្ដេចតេជោក៏បានស្នើសុំឲ្យ លោកប្រធានាធិបតីកូរ៉េ គាំទ្រដល់រូបមន្ត១បូក មានន័យថា បើសិនជាក្រុមហ៊ុនកូរ៉េ មានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែម ការវិនិយោគនៅកម្ពុជាផងដែរ។

ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍ លើកឡើងអំពីឱកាសល្អ សម្រាប់អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោ ក៏បានស្នើឲ្យលោក ប្រធានាធិបតីកូរ៉េ ជួយជំរុញអ្នកវិនិយោគទុន ពីប្រទេសកូរ៉េមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

ចំពោះច្បាប់វិនិយោគថ្មី របស់កម្ពុជានេះ លោកបានមានប្រសាសន៍ថា កូរ៉េនឹងបន្តធ្វើការជាមួយ នឹងកម្ពុជាជាបន្តទៀត ហើយបច្ចុប្បន្ននេះ លោកបានមានប្រសាសន៍ថា មានក្រុមហ៊ុនកូរ៉េ ប្រមាណជា៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា ។

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីនេះ លោក មួន ជេអ៊ីន សង្ឃឹមថា នឹងបន្តជំរុញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចូលជាធរមាន ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យមានភាពល្អប្រសើរឡើង៕

To Top