រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យ និងសាក្សីបានឃើញផ្ទាល់ភ្នែក បានលើកឡើងថា យ៉ាងហោចណាស់អ្នកតវ៉ាប៉ាឡេស្ទីន ចំនួន១៦៥នាក់បានរងរបួស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅភាគខាងជើង West Bank ។
សាក្សីប៉ាឡេស្ទីន បានលើកឡើងថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បានកើតឡើងនៅជិតភូមិ Beita, Beit Dajan, Burqin និង Huwara ភាគខាងត្បូង និងខាងកើតទីក្រុង Nablus និងនៅជិតភូមិ Kafr Qaddum ភាគខាងកើតទីក្រុង Qaqilya ។
សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់បាតុករ ១២៥នាក់បានរងរបួស រួមទាំង២នាក់ដែលត្រូវបាន បាញ់ដោយគ្រាប់រំសេវ និង២៥នាក់ដោយគ្រាប់កៅស៊ូ ដែលបាញ់ដោយទាហានអ៊ីស្រាអ៊ែល ។
ក្រុមគ្រូពេទ្យបានឲ្យដឹងទៀតថា អ្នកផ្សេងទៀតបានទទួលរង ពីការស្រូបឧស្ម័នបង្ហូរទឹកភ្នែក ។
សាក្សីដែលបានឃើញ ផ្ទាល់ភ្នែកបានឲ្យដឹងថា បាតុករប្រឆាំងការតាំងទីលំនៅរាប់សិបនាក់ បានគប់ដុំថ្មទៅលើទាហានអ៊ីស្រាអ៊ែល ដែលឈរជើងនៅជាយភូមិ និងបានដុតសំបកកង់រថយន្ត ។
អាជ្ញាធរអ៊ីស្រាអ៊ែល មិនទាន់ផ្តល់ការអធិប្បាយ ណាមួយជុំវិញឧបទ្ទវហេតុនេះ នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា