នយោបាយ

លោក សុខ ឥសាន ៖ ប្រជុំកំពូលអាស៊ាន-អាមេរិក មិនអាចប្រែប្រួលតាមការស្នើសុំពី Human Rights Watch

ភ្នំពេញ ៖ “កម្មវិធីប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ានមានរួចហើយ មិនប្រែប្រួលតាមការស្នើសុំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទេ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃ១៤ កុម្ភៈ ។

ការអះអាងរបស់លោក សុខ ឥសាននេះ ដោយសារ “លោក ហ្វីល រ៉ូប៊ើតសុន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch ជំរុញឲ្យអាមេរិកលុបចោលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅរដ្ឋធានីវ៉ាស៊ីនតុន នាពេលខាងមុខ។ មន្ត្រីរូបនោះថា សហរដ្ឋអាមេរិកគួរតែធ្វើដូច្នេះ ដោយសារតែក្រុមមេដឹកនាំអាស៊ានមួយចំនួន ក្នុងនោះរួមមានទាំងមេដឹកនាំកម្ពុជា មិនសាកសមនឹងទទួលបានការស្វាគមន៍នៅសេតវិមានប្រធានាធិបតីអាមេរិកនោះទេ ដោយសារតែពួកគេមានប្រវត្តិរំលោភសិទ្ធិមនុស្ស” ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីនាថ្ងៃ១៣ កុម្ភៈ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោននៅពេលខាងមុខតាមការអញ្ជើញពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ។ កាលពីថ្ងៃ១៤ មករា លោក ចូ បៃដិន បានផ្ញើលិខិតជូនសម្តេចតេជោ បញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍សម្តេចទៅចូលរួមកិច្ចប្រជុំ ហើយនៅថ្ងៃ១ កុម្ភៈ ក៏បានផ្ញើលិខិតថ្លែងអំណរគុណទៅលោក បៃដិន វិញដែរ បញ្ជាក់ពីការអរគុណ និងការធ្វើដំណើរទៅចូលរួមប្រជុំនេះ ។

គម្រោងនៃការចូលរួមកិច្ចប្រជុំនៅអាមេរិករបស់សម្តេចតេជោ ក៏មានក្រុមប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក ត្រៀមលក្ខណៈទុកជាមុន សម្រាប់ធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចផងដែរ ៕

To Top