ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអរគុណដល់ជប៉ុន ដែលគាំទ្រចំពោះដំណើរទស្សនកិច្ច របស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងមកដែលចង់បង្ហាញ ឲ្យមានដំណោះស្រាយ ព្រោះជប៉ុនមើលឃើញ បញ្ហាប្រហាក់ប្រហែលកម្ពុជា ក្នុងពេលបញ្ហានៅមីយ៉ាន់ម៉ា មិនទាន់ធូរស្បើយ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើងថា តាំងពីដើមមក ជប៉ុនតែតែងគាំទ្រកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ នៅមីយ៉ាន់ម៉ា។ សម្តេចគូសបញ្ជាក់ថា «ជប៉ុនបានរក្សាគោលដំហរតាំងពីដើមទី និងការគំាទ្រចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំ នៅមីយ៉ាន់ម៉ា ដែលជាផ្នែកមួយរបស់អាស៊ាន ។ ខ្ញុំអរគុណជា មួយគោលជំហរ ដែលមានលក្ខណៈប្រហាក់ប្រែលគ្នាជាមួយកម្ពុជា»។
សម្តេចបន្តថា មិត្តជប៉ុនបានមើលឃើញ បញ្ហានៅមីយ៉ាន់ម៉ា ប្រហាក់ប្រហែលជាមួយកម្ពុជា ដែលស្របជាមួយសភាពការណ៍កំពុងអភិវឌ្ឍន៍។ សម្តេចបញ្ជាក់ថា គេមិនអាចយកគោទៅទឹមមុខរទេះនោះទេ គឺច្បាស់យកគោទៅទឹមនឹងនឹម ។ សម្តេចថា «បញ្ហាមីយ៉ាន់ម៉ាដោះស្រាយរឹងពេកក៏មិនបាន ទន់ពេលក៏មិនបាន ដូច្នេះយើងត្រូវរកចំណុចកណ្តាលមួយ»។ សម្តេចថា “តើពេលដែលខ្ញុំទៅដល់មីយ៉ាន់ម៉ា តើសភាពការណ៍ប្រែប្រួលឬនៅ? ហើយពេលខ្ញុំដើរចេញមកវិញ តើសភាពការណ៍ប្រែប្រួលឬនៅ? គឺវាអត់ទេ នៅតែអីចឹង ប៉ុន្តែបើយើងយកការសន្ទនាគ្នាបន្តបន្ទាប់ល្អ” ។
សម្តេចតេជោក៏បានលើកឡើង ពីអ្នកមួយចំនួនបានធ្វើអត្ថាធិប្បាយថា ការធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា របស់សម្តេចតាមបែបការទូតដោយប្រថុយប្រថាន។ សម្តេចថា «តើវាស្លាប់ឬអ្វី? តើមានមនុស្សប៉ុន្មាននាក់ហើយស្លាប់ ដោយសារទស្សនកិច្ចរបស់ខ្ញុំ ផ្ទុយទៅវិញ ដំណើរស្វែងរកសន្តិភាពមិនមែន ទៅព្រឹកវិលល្ងាចបានផលភ្លែតទេ»។
ជាមួយគ្នានោះដែរ សម្តេចក៏បានវាយតម្លៃ ចំពោះបញ្ហានៅមីយ៉ាន់ម៉ាថា ៥ឆ្នាំទៅ១០ឆ្នាំទៀត នៅតែបែបនេះ បើនៅតែធ្វើការរបៀបនេះ ។ សម្តេចគូសបញ្ជាក់ថា «បើសិនបន្តធ្វើដំណើរការរបៀបនេះ ពី៥ ឬ១០ឆ្នាំទៀត ខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងន័យប្រធានអាស៊ាននោះទេ សូមកុំចងភ្ជាប់ខ្ញុំជាមួយប្រធានអាស៊ាន ប៉ុន្តែចក្ខុវិស័យរបស់ហ៊ុន សែនច្បាស់ណាស់ បើបន្តបែបនេះទៀតគឺពី៥-១០ឆ្នាំមិនទាន់មានឃើញពន្លឺទេនៅមីយ៉ាន់ម៉ា»។
សម្តេចលើកឡើងទៀតថា បើគេចង់មានគំនិតកំចាត់កងកំលាំង មីយ៉ាន់ម៉ាចោល គឺមិនអាចទៅរួចទេ ព្រោះសូម្បីសម្តេចក៏ធ្លាប់មានបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហារួចហើយដែរ។
សម្តេចថា «ខ្ញុំមានវិធីសាស្ត្រ ដើម្បីបំផ្លាញចោលអង្គការចាត់ទាំងយោធា និងខ្មែរក្រហម ដោយបានដាក់ចេញនយោបាយឈ្នះឈ្នះ ហើយនយោបាយឈ្នះ ឈ្នះ មាន៣ចំណុចសំខាន់គឺ១. ធានាអាយុជីវិត និងរូបកាយ ២. ធានាអាជីព និងមុខ និង៣.ធានាកម្មសិទ្ធិលើអចលទ្រព្យ និងចលទ្រព្យ»។
សម្តេចក៏បានលើកឡើងថា បើនៅបន្តវាយប្រហារលើប្រេសិតអគ្គលេខាធិកា រអង្គការសហប្រជាជាតិ និងប្រធានអាស៊ាន មិនអាចធ្វើអ្វីកើតនោះទេដែលជាហេតុ នាំឲ្យមីយ៉ាន់ម៉ាបន្តឲ្យមានមនុស្សស្លាប់។ សម្តេចថា «ស្លាប់ដោយសារបាញ់គ្នា ស្លាប់ដោយអត់បាយដែលក្លាយជាវិបត្តិមនុស្សធម៌ ។ គេខ្លះនឹងថាឲ្យប្រធានអាស៊ាន តើអ្នកឲ្យធ្វើបែបណា? ធ្វើតាមរបៀបដដែលបើមិនចេញផងហ្នឹង»៕