ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា បដិសេធមិនផ្តល់ការព្យាបាល ដល់អ្នកកំពុងជាប់ឃុំ ខណៈអ្នកទោសរបួស ដោយសារយោធាវាយ ដង្ហោយសុំជំនួយ

បរទេស៖ អ្នកទោសនយោបាយ ដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ Insein ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា និយាយថា ពួកគេមិនត្រូវបានទទួល ការព្យាបាលត្រឹមត្រូវ សម្រាប់របួសដែលបណ្តាលមកពី ការវាយដំដោយរបបយោធា ហើយឥឡូវនេះមនុស្សជាច្រើន កំពុងប្រឈមនឹងហានិភ័យ នៃការវិវត្តទៅជាផលវិបាក សុខភាពធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លិខិតមួយច្បាប់ផ្ញើ ក្នុងនាមអ្នកទោសនយោបាយ ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារ Insein បានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃពុធ។ នៅក្នុងនោះ អ្នកទោសនយោបាយម្នាក់រៀបរាប់លម្អិត អំពីស្ថានភាពអ្នកជាប់ឃុំ ដែលកំពុងឈឺចាប់របស់គាត់ ហើយជំរុញឱ្យអង្គការក្នុងស្រុក និងបរទេសជួយផ្តល់ការព្យាបាល និងការផ្គត់ផ្គង់ វេជ្ជសាស្រ្តត្រឹមត្រូវ សម្រាប់អ្នកដែលជាប់គុក ដោយរបបយោធា។

លិខិតនោះបាននិយាយថា អ្នកជាប់ឃុំម្នាក់ ដែលទទួលរងជំងឺដាច់សរសៃឈាម ខួរក្បាល មិនបានទទួលការព្យាបាល ត្រឹមត្រូវណាមួយ នៅក្នុងមន្ទីរពេទ្យក្នុងពន្ធនាគារ ហើយអាជ្ញាធរពន្ធនាគារ បានបដិសេធ គាត់មិនទទួលការព្យាបាល នៅមន្ទីរពេទ្យខាងក្រៅនោះទេ។ អ្នកទោសម្នាក់ទៀត ដែលជារឿយៗ សន្លប់បាត់បង់ស្មារតីបន្ទាប់ ពីសរសៃប្រសាទរបស់គាត់ ត្រូវបានខូចខាតនៅក្នុងការវាយដំ ដោយរបបយោធា គឺមិនបានទទួលការព្យាបាល ណាមួយឡើយ។

Ma Mya Kyu Kyu Thin ជាស្ត្រីអ្នកតវ៉ា ដែលត្រូវបានឃុំខ្លួន កាលពីខែធ្នូ កំពុងមានការឈឺក្បាល និងហូរឈាមច្រមុះជាបន្តបន្ទាប់ បន្ទាប់ពីត្រូវបានវាយដំ អំឡុងពេលចាប់ខ្លួន។ នាងត្រូវបានអនុញ្ញាតឱ្យ ទទួលការព្យាបាលនៅមន្ទីរពេទ្យ ពន្ធនាគារ តែប៉ុណ្ណោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top