បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៨,៩៥៣ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយចំនួនករណីប្រចាំថ្ងៃបានកើនឡើងក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្នា ដោយឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មក។
ករណីថ្មីនេះបាននាំឱ្យចំនួន អ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍កើនឡើង ដល់ជាង ២,៧១ លាននាក់ នេះបើយោងតាមមជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រង ស្ថានភាពជំងឺកូវីដ-១៩ (CCSA) ដែលជាក្រុមការងារជំងឺកូវីដ-១៩ របស់ប្រទេសថៃ។
ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ថ្មីចំនួន ៣០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២២,៦២៤ នាក់ នេះបើយោងតាម CCSA ។
រាជធានីបាងកកបានកត់ត្រាករណីថ្មីចំនួន ២៦៩០ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលភាគច្រើនបំផុតក្នុងចំណោមតំបន់ បន្ទាប់មកគឺខេត្តជុំវិញនៃខេត្តសាមុតប្រាកាន និងឈុនបុរី។
គិតត្រឹមថ្ងៃសៅរ៍ ប្រទេសថៃ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១២១,៥៨លានដូស ដោយមានប្រហែល ៧១ភាគរយនៃចំនួនប្រជាជនជិត ៧០លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈដែល ២៧,៤ ភាគរយបានទទួលការចាក់ថ្នាំបង្ការដូសជំរុញ នេះបើយោងតាម CCSA ៕
ដោយ ឈូក បូរ៉ា