ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន សាងសង់ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់បឹងជើងឯក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននិងកំពុងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក មានសមត្ថភាពប្រព្រឹត្តកម្ម ទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូម បញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។ នៅគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់ មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ជើងឯក ៕

To Top