ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា ក្រុមគ្រួសារសម្តេច ក៏ឆ្លងកូវីដ១៩ដែរ ជាពិសេសចៅៗ ខណៈអូមីក្រុង កំពុងសម្លឹងមុខសម្តេច

ភ្នំពេញ៖ មុនបិទបញ្ចប់ថ្លែងសន្ទរកថា ក៏ដូចជាសារនយោបាយនានា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថាននីយ៍ប្រព្រឹត្តកម្មទឹកកង្វក់បឹងជើងឯក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការបញ្ជាក់ថា ក្រុមគ្រួសារសម្តេច មានទាំងកូននិងចៅតូចៗ ក៏កំពុងកើតជំងឺកូវីដ១៩នោះដែរ ខណៈសម្តេចថា មេរោគអូមីក្រុងកំពុងសម្លឹងមុខសម្តេចសម្បើមណាស់ ។

សម្តេចតេជោ បានលើកឡើងថា ពីមុនឲ្យតែមានការឆ្លងនៅតំបន់ណា ឬកន្លែងណា ក្រុមគ្រូពេទ្យ និងយកឡានទៅទទួលអ្នកជំងឺ មកព្យាបាលនៅកន្លែងព្យាបាល អ្នកជំងឺកូវីដ១៩ ប៉ុន្តែឥឡូវនេះ សម្តេចបានអនុញ្ញាត ឲ្យព្យាបាលដោយខ្លួនឯង នៅតាមគេហដ្ឋានរៀងៗខ្លួន ដោយត្រូវអនុវត្ត វិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៅបានហើយ ។

សម្តេចតេជោ មានប្រសាសន៍ថា “អាហ្នឹងវាជាវិធី ដើម្បីដោះស្រាយបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃ សភាពការណ៍វាវិវត្ត ។ ឥឡូវមានការសិក្សា នៅប្រទេសថៃ តាមការស្រាវជ្រាវលើកដំបូង គឺគេសិក្សាថា អូមីក្រុង ទៅជាអង់ទីគ័រ សម្រាប់ការពារកូវីដទៅវិញ” ។

សម្តេចតេជោ បញ្ជាក់បន្ថែមថា “និយាយឲ្យច្បាស់ ផ្ទះខ្ញុំ ម៉ាផ្ទះចៅខ្ញុំ៥ កូនខ្ញុំ១ទៀត កើតកូវីដទាំងអស់ កុំថាវាមិនកើតប៉ះចំកូននាយករដ្ឋមន្ត្រី ចៅនាយករដ្ឋមន្ត្រី អាចៅទី២១ ជាហើយ ហើយចៅស្រីៗ២បានជាហើយ នៅសល់អាចៅប្រុស៣ និងម្តាយរបស់វា ។ ម្តាយអាឡើយតែការគេ ដល់ត្រឡប់មកវិញ នាំអាដែងអូមីក្រុងចូលផ្ទះ ។ ចឹងឆ្លង១ម្តង ១ម្តង ឥឡូវអាចៅទី២១ ដែលថាស្រក់ទឹកភ្នែកតែមិនយំ គេជាហើយ ហើយបានតែមើលវីដេអូ ទៅវិញទៅមកតែប៉ុណ្ណោះ មិនទាន់បានជួបចៅទេ ឥឡូវមាន បានយូរៗទៅបានចៅ ចៅ១ ចៅ២ ម្សិលមិញបានចៅ៣បានមកបាយជាមួយ” ។

សម្តេចថែមទាំងសង្កត់ធ្ងន់ថា “ចៅមួយនោះ បានឆ្លងរួចទៅហើយ ឆ្លងនៅប្រទេសស្វីស ទៅឆ្លងនៅប្រទេសស្វីស ។ ចៅ២នាក់ទៅឆ្លងនៅស្វីស គេនាំគ្នាមួយវ៉ូង ទៅឆ្លងនៅស្វីសទាំងអស់ ទៅឆ្លងនៅឯនុង ។ ចឹងបានថា អានេះ (មេរោគកូវីដ១៩) អត់រើសមុខទេណា ហើយវាសម្លឹងមុខ នាយករដ្ឋមន្ត្រីសម្បើមណាស់” ៕

To Top