ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន ចាប់ផ្តើមចាក់វ៉ាក់សាំងគ្រុនស្វិតដៃជើងដល់កុមារ នៅទូទាំងប្រទេសបានប្រមាណជាង៩ លាននាក់

កាប៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងនៅទូទាំងប្រទេសគិតត្រឹមថ្ងៃចន្ទ ។


រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងទូទៅលើកទី២ក្នុងឆ្នាំ២០២២ ដែលមានគោលបំណងចាក់វ៉ាក់សាំងកុមារចំនួន៩,១លាននាក់ដែលមានអាយុក្រោម៥ឆ្នាំ” ។

រដ្ឋាភិបាលបានឲ្យដឹងថា ខេត្តនានារួមមាន Bamyan, Daykundi និង Ghor ក៏ដូចជាស្រុកមួយចំនួននៃខេត្ត Ghazni និង Badakhshan មិនត្រូវបានរាប់បញ្ចូលក្នុងយុទ្ធនាការដែលកំពុងបន្តដោយសារតែអាកាសធាតុត្រជាក់។

សេចក្តីថ្លែងការណ៍បានដាក់ថា យុទ្ធនាការរយៈពេលបីថ្ងៃត្រូវបានចាប់ផ្តើមដោយសហការជាមួយមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) ។

រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២ ករណីវិជ្ជមានមួយនៃជំងឺស្វិតដៃជើងត្រូវបានរាយការណ៍នៅក្នុងប្រទេសអាស៊ីនេះបើយោងតាមសេចក្តីថ្លែងការណ៍ ។

ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលនៅជិតខាង គឺជាប្រទេសតែ២ក្នុងពិភពលោក ដែលករណីជំងឺស្វិតដៃជើងត្រូវបានរាយការណ៍ជារៀងរាល់ឆ្នាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top