បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានរកឃើញថា កងកម្លាំងមីស៊ីលអ៊ីរ៉ង់ បានបង្កើនការប្រុងប្រយ័ត្ន នៅទូទាំងប្រទេស និងបានបន្ថែមថា វានៅមិនទាន់ច្បាស់ទេថា កម្រិតនៃកាប្រុងប្រៀបទុកកាន់តែខ្ពស់នេះ ត្រឹមតែជាកិច្ចការពារខ្លួន ឬក៏យ៉ាងណានោះទេ។
មន្ត្រីអាមេរិក ដែលនិយាយ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះរូបនោះ មិនបានផ្តល់សេចក្តី លម្អិតបន្ថែម ឬក៏និយាយប្រាប់ថា មីស៊ីលអ៊ីរ៉ង់កំពុងតែតម្រង់ ទៅកាន់គោលដៅជាក់លាក់ណាមួយនោះទេ ស្របពេលដែលទីក្រុងតេអេរ៉ង់ គម្រាមថានឹងធ្វើការសងសឹក ជុំវិញការវាយប្រហារ ដោយកូនដ្រូនអាមេរិក កាលពីសប្ដាហ៍មុន សម្លាប់នាយឧត្តមសេនីយ៍ ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប។
មន្ត្រីរូបនេះ តាមសេចក្តីរាយការណ៍បានប្រាប់យ៉ាងដូច្នេះថា “ពួកគេប្រាកដច្បាស់ណាស់ ថាកំពុងតែបង្កើនការប្រុងប្រៀប។ តើនោះជាការប្រុងប្រៀបខ្ពស់ ដើម្បីការពារខ្លួនឲ្យកាន់តែប្រសើរឡើង ឬក៏ត្រៀមខ្លួនឲ្យប្រសើរសម្រាប់ការវាយលុក? នោះមិនអាចកំណត់បាននៅពេលនេះទេ ប៉ុន្តែយើងកំពុងតែឃ្លាំមើល វាយ៉ាងយកចិត្តទុកដាក់”៕
ប្រែសម្រួល៖ប៉ាង កុង