នយោបាយ

លោក សយ សុភាព ផ្ដាំអ្នកនយោបាយខ្លះ ឈប់ចាញ់បោកបរទេស ខណៈមេបក្សប្រឆាំងពីររូប ដើរដល់ផ្លូវប្រេះឆា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើទៅកាន់អ្នកនយោបាយ និងសកម្មជនបក្សប្រឆាំងមួយចំនួន ឱ្យឈប់ចាញ់បោកបរទេស ខណៈពេលបច្ចុប្បន្ន អតីតមេបក្សប្រឆាំងពីររូប គឺ លោក កឹម សុខា និងលោក សម រង្ស៊ី បានដើរដល់ផ្លូវប្រេះឆា

សញ្ញានៃការប្រេះឆានេះ ត្រូវបានបង្ហាញ ដោយអតីតមេដឹកនាំ ប្រឆាំងទាំងពីររូបផ្ទាល់ ក៏ដូចជាមន្រ្តីជំនិតរបស់ភាគីទាំងពីរ តាមរយៈនៃវោហាសាស្រ្តបែបវាយប្រហារគ្នា ទៅវិញទៅមក ដោយភាគី លោក កឹម សុខា ចោទថាលោក សម រង្ស៊ី បានក្បត់ទៅបង្កើតគណបក្ស ភ្លើងទៀន។

ជាក់ស្ដែងកាលពីកន្លងទៅថ្មីនេះ លោក កឹម សុខា ដែលកំពុងជាប់ក្ដីនៅតុលាការ ក្នុងស្រុក បានអះអាងថា ការឈរជើង ក្នុងមាតុភូមិកម្ពុជាដែលជាទីលាននយោបាយជាក់ស្តែង ដោយមិនរត់ចោលអ្នកគាំទ្រ របស់ខ្លួនគឺជា ជម្រើសនៃការដឹកនាំនយោបាយដ៏ល្អបំផុតសម្រាប់ពលរដ្ឋខ្មែរ ហើយលោកក៏មិនធ្វើនយោបាយគ្មានគោលដៅ ច្បាស់លាស់ ទូងស្គរ ពីចម្ងាយបង្កើតព្រឹត្តិការណ៍ រុញច្រានឲ្យពលរដ្ឋរងគ្រោះ ជំនួសខ្លួននោះដែរ។

ដោយឡែកចំពោះលោក សម រង្ស៊ី ឯណោះវិញ នៅក្នុងសិក្ខាសាលា លើទឹកដីសហរដ្ឋអាមេរិក លោក សម រង្ស៊ី មិនរំលេចឈ្មោះលោក កឹម សុខា ក្នុងការទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងនោះទេ។

ជុំវិញនៃការបង្ហាញនូវភាពប្រេះឆានេះ នៅលើ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងថា ” ឯណាទៅពាក្យថា«សម រង្ស៊ី កឹមសុខា ជាមនុស្សតែមួយ»នេះជាពាក្យអ្នកទាំង២ និយាយតាមវិទ្យុអាស៊ីសេរី» ដែលជាប្រព័ន្ធឃោសនា របស់អាមេរិកកាលនៅល្អុកល្អើនជាមួយគ្នា។ ឥឡូវនេះ អ្នកទាំង២ម៉េចហើយ”។

លោក សយ សុភាព បន្តថា មួយស្រែកថាមេបក្សសង្រ្គោះជាតិ មួយថាមេបក្សសង្រ្គោះជាតិស្តីទី ហើយថែមថ្មីមួយទៀត ភ្លើងទៀន ឆេះវិញហើយគិតទៅបរទេសពូកែ ពង្វក់អ្នកនយោបាយខ្មែរណា នោះណាស់។

លោកថា ពួកបរទេសធ្វើឱ្យខ្មែរមួយក្រុមវង្វែង រួមទាំងអ្នករត់ចោលស្រុក ថាអញខ្លាំង រីឯអ្នកជាប់គុកអួតថាអញទេ ដែលខ្លាំងនោះ ព្រោះសុខចិត្តជាប់គុក រីឯអ្នកមិនទាន់ជាប់គុក ស្រែកថាអញមិនខ្លាចគុកទេ។
ទីចុងបំផុតពួកគេនោះ ហើយជាអ្នកចាញ់ បោកបរទេសពិតប្រាកដ។

ក្នុងឱកាសនោះលោក សយ សុភាព បានលើកឡើងជាទស្សនទានថា ជាដំណោះស្រាយពួកគេ គួរមកប្រកួតតាមបែបប្រជាធិបតេយ្យ របស់ខ្មែរទៅ គោរពច្បាប់ខ្មែរ រួចហើយក្រោយបោះឆ្នោត បានលទ្ធផលប៉ុណ្ណា ធ្វើការជាមួយគ្នាទៅ។

លោកសង្កត់ធ្ងន់ថា «ឈប់ចាញ់បោកបរទេស ញុះឱ្យធ្វើបាតុកម្ម មិនទទួលស្គាល់ លទ្ធផលបោះឆ្នោតនាំគ្នាតវ៉ា»។

លោក សយ សុភាព បន្ថែមថា ដោយឡែកពួកបរទេសនោះ បែរជាមកចាប់ដៃជាមួយ អ្នកកាន់អំណាច ដែលប្រសូត្រចេញ ពីការបោះឆ្នោតដែលខ្លួនញុះ ឱ្យអ្នកចាញ់តវ៉ាទៅវិញ។

To Top