បរទេស៖ ក្នុងពេលដែលភាពតានតឹង នៃជម្លោះរវាងរុស្សី និងអ៊ុយក្រែន នៅតែក្តៅខ្លាំងនៅឡើយនោះ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញមកធ្វើការថ្លែងការណ៍ អំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន គួរកុំមានការព្រួយបារម្ភអ្វីថា សង្គ្រាមនុយក្លេអ៊ែរ នឹងអាចកើតឡើងនោះ។
លោក Biden បានព្យាយាមក្នុងការលប់បំបាត់ នូវការព្រួយបារម្ភនៃពលរដ្ឋអាមេរិក ដែលកំពុងតាមដានមើលឃើញថា កំដៅរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលក្រុងមូស្គូ កំពុងកើនឡើងខ្លាំងជុំវិញ បញ្ហានៅអ៊ុយក្រែនអាចនឹងឈាន ទៅដល់ការប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ដាក់គ្នាប៉ុន្តែលោកបានបញ្ជាក់ថា មិនមានមូលហេតុអ្វីដែល គួរឲ្យត្រួវព្រួយបារម្ភនោះឡើយ ។
រំលឹកដែរថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្សី Vladimir Putin បានប្រកាសដាក់កម្រិតការពារប្រទេស ក្នុងភាពអាសន្នដោយមានរួមទាំង ការត្រៀមប្រើប្រាស់អាវុធ នុយក្លេអ៊ែរផងដែរ។
ការប្រកាសរបស់រុស្សី ក្នុងការប្រើប្រាស់នុយក្លេអ៊ែរ បានធ្វើឡើងជាការឆ្លើយតបខ្លះៗ ទៅនឹងការថ្លែងការណ៍ចុងក្រោយមួយ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស អង់គ្លេស Liz Truss ទៅកាន់ក្រុម អ្នកកាសែតបែបព្រមានថា ប្រសិនបើរុស្សីមិនព្រមបញ្ចប់ ជម្លោះនៅអ៊ុយក្រែនទេនោះ វានឹងនាំឲ្យកើតមានជាការគម្រាមកំហែង ចំពោះណាតូនិងថែមទាំង អាចកើតឡើងជាជម្លោះ ជាមួយនឹងណាតូផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី