រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានបន្តកិច្ចព្រមព្រៀងឈប់បាញ់របស់ខ្លួន ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ដំណាច់ឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យអគ្គមេបញ្ជាការ នៃសេវាកម្មការពារជាតិ។
កិច្ច ព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស ត្រូវបានផ្តួចផ្តើមនៅខែតុលា ឆ្នាំ២០១៥។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា យោធាបានពង្រីកបទឈប់បាញ់ ដើម្បីជំរុញដំណើរការសន្តិភាពក្នុងប្រទេស និងដើម្បីឱ្យមានការខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ឧត្តមសេនីយ៍ឯក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជាអគ្គមេបញ្ជាការនៃក្រសួងការពារជាតិ បានប្រកាសការសម្រេចចិត្តនេះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងណៃពិដោ កាលពីខែមករា។
យោធាបានប្រកាសបន្តផ្អាកប្រតិបត្តិការយោធាចំនួន ២០ដង ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបន្ទាប់ពីប្រធានាធិបតីលោក U Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី រួមជាមួយនឹងមន្ត្រីផ្សេងទៀតមកពីសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវបានយោធាឃុំខ្លួនកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕
ប្រែសម្រួល ឈូក បូរ៉ា