ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ កុម្ភៈ បានទទួលជំនួយ ទូបង្កកត្រជាក់ខ្លាំងចំនួន ៣៣គ្រឿង ទូទឹកកករក្សាវ៉ាកសាំង ចំនួន១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត របស់រដ្ឋាភិបាល និងប្រជាជនអូស្រ្ដាលី ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ក្នុងពិធីប្រគល់ និងទទួលក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោកស្រី ហ័្វររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់តាំងពីការផ្ទុះរាតត្បាត នៃជំងឺកូវីដ-១៩ នៅកម្ពុជា, រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី បានផ្ដល់វ៉ាក់សាំង Pfizer ចំនួន២,៣លានដូស សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។
នាឱកាសនោះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្តាលី ត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាល ព្រមទាំង អ្នករងគ្រោះដោយកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាបានចាក់វ៉ាក់សាំង រួចរាល់ហើយក៏ដោយ ពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្ត វិធីការពារខ្លួន “៣ការពារ និង៣កុំ” ៕