នយោបាយ

លោក សុន ឆ័យ ចូលជាសមាជិក គណបក្សភ្លើងទៀន

ភ្នំពេញ ៖ ២ឆ្នាំក្រោយ ពីបានទទួលសិទ្ធិ ធ្វើនយោបាយឡើងវិញ លោក សុន ឆ័យ ដែលគេដឹងថា ជាមនុស្សស្និតជាមួយលោក សម រង្ស៊ី នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសជាសាធារណៈ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន ។

គណបក្សភ្លើងទៀន មានមតិលើកឡើងជាច្រើនថា មានលោកសម រង្ស៊ី នៅពីក្រោយខ្នង បន្ទាប់ពីគណបក្សបេះដូងជាតិ មិនអនុញ្ញាតឲ្យបង្កើត ក៏ងាកមកពង្រឹងគណបក្សភ្លើងទៀនវិញ ។ គណបក្សភ្លើងទៀន បានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធឡើងវិញ កាលពីចុងឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះហត្ថលេខាដោយលោក សុន ឆ័យ នាថ្ងៃ១ មីនានេះ បានឲ្យដឹងថា “ខ្ញុំ សុន ឆ័យ អតីតអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការប្រកាស ជាសាធារណៈថា ខ្ញុំបានសុំចូលជាសមាជិក នៃគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ”។

លោកថា គណបក្សភ្លើងទៀន ជាគណបក្សដែលលោកក៏ដូចជាជនរួមជាតិ ជាច្រើនធ្លាប់បានចូលរួមនិងគាំទ្រ យ៉ាងសកម្ម ព្រោះជាគណបក្សបម្រើ និងការពារប្រជាពលរដ្ឋខ្មែរ បានយ៉ាងត្រឹមត្រូវ ។

ជាមួយគ្នានេះ លោកក៏អំពាវនាវ ឲ្យជនរួមជាតិចូលរួម និងគាំទ្រគណបក្សភ្លើងទៀន ថែមទៀត ។
គួរឲ្យដឹងថា គណបក្សភ្លើងទៀន ស្ថិតក្រោមឈ្មោះជាគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២ ដែលបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់នីតិសម្បទា លោក សុន ឆ័យ ដែលត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ ក្នុងចំណោម១១៨នាក់ដែលត្រូវបានដកហូត មិនឲ្យធ្វើនយោបាយ ក្រោយតុលាការកំពូល រំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ៕

To Top