DAP News

ព័ត៌មានជាតិ

សម្តេចតេជោ ៖ ពិភពលោក រួមទាំងកម្ពុជា កំពុងរងផលប៉ះពាល់ ដោយសារប្រេងឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ភ្នំពេញ ៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងកើតឡើង ដោយមិនទាន់ស្រាក់ស្រាន្ត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងនោះ បាននិងកំពុងរងផលប៉ះពាល់ ដោយសារតែប្រេងចាប់ផ្ដើមឡើងថ្លៃ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងបាននិងកំពុងមើលឃើញ ប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៊ីក៏ជាប្រទេសផលិតប្រេង មួយដ៏ធំនៅលើពិភពលោក ។ ចឹងឥឡូវប្រេងចាប់ផ្ដើមឡើងថ្លៃ នេះជាផលប៉ះពាល់ដែលចេញមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលចាប់ផ្ដើមដំបូង អាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក កំពុងញាំញីដោយកូវីដ១៩ ក្លាយទៅជាការដាក់បន្ទុកបន្ថែម ចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះតែម្ដង» ។

សម្ដេចតេជោបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា រងផលប៉ះពាល់ជាមួយនិងអូមីក្រុង ។ សម្ដេចថា សេដ្ឋកិច្ចកម្ពុជា កំពុងរងផលប៉ះពាល់ចេញមកពីកូវីដ១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែសង្គ្រាមរុស្ស៊ីអ៊ុយក្រែន ដែលកំពុងពង្រីកទៅជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប ។

សម្ដេចគូសបញ្ជាក់បន្ថែមថា «យើងបានមើលឃើញផលប៉ះពាល់ ដល់ពិភពលោកនិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណា នៅតាមបណ្ដាប្រទេស ឲ្យកើនខ្ពស់ដោយសារតម្លៃប្រេង» ។

សម្ដេចតេជោ ក៏បានសុំការយោគយល់ពី បងប្អូនប្រជាពលរដ្ឋ ចំពោះការឡើងថ្លៃប្រេង ព្រោះថា ការឡើងថ្លៃនេះ មិនមែនឡើងតែកម្ពុជាទេ គឺឡើងគ្រប់ប្រទេសទាំងអស់ លើពិភពលោក ។ សម្ដេចថា យើងមិនមែនជាប្រទេសផលិតប្រេងទេ សម្បីតែប្រទេសផលិតប្រេង ក៏ប្រេងឡើងថ្លៃដែរ ។

គួរឲ្យដឹងផងដែរថា តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ផ្អែកតាមតម្លៃមធ្យម ប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ពីថ្ងៃទី១ ដល់១៥ ខែមីនា ឆ្នាំ២០២២ មានតម្លៃដល់ទៅ សាំងធម្មតា (៩២) ៤៨០០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៤៥០០រៀលក្នុង១លីត្រ ។ សម្រាប់តម្លៃនៅកម្ពុជា ទាបជាងលើទីផ្សារអន្តរជាតិនាពេលនេះ ដោយសារការរួមចំណែកពីក្រុមហ៊ុនចកចាយប្រេងឥន្ទនៈនៅកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយ ប្រេងឥន្ទនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ ក្នុង១លីត្រ ៕

To Top