ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ថា បើយោងតាមទីភ្នាក់ងារ ព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពនានាថា កិច្ចចរចាស្វែងរកសន្តិភាព សម្រាប់ជុំទី២រវាងរុស្ស៊ី និង អ៊ុយក្រែន អាចប្រព្រឹត្តទៅនៅថ្ងៃពុធនេះ ។
គួរបញ្ជាក់ថា សម្រាប់ជុំទី១នៃការចរចា ដែលមានរយៈពេលប្រហែល៥ម៉ោង បានបញ្ចប់កាលពីថ្ងៃចន្ទ នៅក្នុងតំបន់ Gomel របស់ប្រទេសបេឡារុស្ស ដោយមិនមានការទម្លាយច្បាស់លាស់អ្វីនោះទេ ។
បើតាមការលើកឡើងរបស់លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សា គឺថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចានឹងគ្នា” ។
គេបានដឹងការ សង្គ្រាមផ្ទុះឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី គិតមកដល់ពេលនេះមានរយៈពេល ៧ថ្ងៃហើយ ដោយកងកម្លាំង របស់រុស្ស៊ី នៅតែបន្តវាយលុក និងទម្លាក់គ្រាប់បែកមកលើក្រុងជាច្រើន របស់អ៊ុយក្រែនដដែល ជាក់ស្តែង កាលពីថ្ងៃម្សិលមិញ ផ្កាយរណបបានបញ្ចេញសកម្មភាព នៃកងរថពាសដែក របស់រុស្ស៊ីដែលបានបរជាក្បួននោះ មានចម្ងាយ ប្រមាណជាង៦៤គីឡូម៉ត្រឯណោះ ដែលបង្កការគំរាមកំហែង ដល់ទីក្រុងគៀវរបស់អ៊ុយក្រែន ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា