ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក គ្រីស្យង់ ប៊ែរហ្សេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអំពាវនាវឱ្យកម្ពុជា ចូលរួមយ៉ាងសកម្ម នៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីទៅលើប្រទេសនេះ ។
យោងតាមហ្វេសប៊ុក ស្ថានទូតបារាំងប្រចាំកម្ពុជា ចេញផ្សាយកាលពីមួយម៉ោងមុន បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមីនា លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក គ្រីស្យង់ ប៊ែរហ្សេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញទៅជួបជាមួយលោកស្រីបណ្ឌិត សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងហ្វេសប៊ុកទូតបារាំងបញ្ជាក់ថា «លោកឯកអគ្គរដ្ឋទូតទាំងពីរ បានអំពាវនាវឱ្យកម្ពុជា ចូលរួមយ៉ាងសកម្ម នៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីទៅលើប្រទេសនេះ» ។
លោកទូតទាំងពីរបានអំពាវនាវ ឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពដែនដី របស់ប្រទេសអ៊ុយក្រែន ហើយឱ្យមានការដកទ័ពរុស្ស៊ីភ្លាមៗ និងគ្មានល័ក្ខខ័ណ្ឌចេញពីទឹកដីអ៊ុយក្រែន។ លោកទាំងពីរបានរំឮក ពីការអំពាវនាវរបស់បារាំង និងអាល្លឺម៉ង់ឱ្យមានការគោរពច្បាប់ មនុស្សធម៌អន្តរជាតិ ការចាប់ផ្តើមការចរចាឡើងវិញ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូតទាំងពីរ បានស្នើ ឱ្យប្រទេសកម្ពុជាមិនត្រឹមតែ បោះឆ្នោតគាំទ្រដំណោះស្រាយមួ ដែលកំពុងដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែធ្វើជាប្រទេសផ្ចុងផ្តើម ដំណោះស្រាយនេះជាមួយ ប្រទេសផ្សេងៗទៀតផងដែរ។ ប្រឈមនឹងការឈ្លានពាន របស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលជាការរំលោភលើគោលការណ៍ គ្រឹះសំខាន់បំផុតនៃសណ្តាប់ធ្នាប់អន្តរជាតិ ការបោះឆ្នោតអនុប្បវាទ មិនមែនជាជម្រើសនោះទេ ។
ទាក់ទិនបញ្ហានេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅព្រឹកថ្ងៃទី២ មីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចនៅតែរក្សាទស្សនៈទាន គឺមិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបាននោះទេ ហើយគោលជំហររបស់កម្ពុជា តាំងពីដើមរហូតដល់ចប់ គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគម្រាមកំហែងប្រើប្រាស់កម្លាំង ពីភាគីមួយប្រឆាំងភាគីមួយទៀត ។ ដែលចំនុចនេះអាចធ្វើឱ្យគេយល់បាន អំពីទស្សនវិស័យនៃ កិច្ចការបរទេសរបស់កម្ពុជា ៕