ព័ត៌មានជាតិ

សម្ដេច ស ខេង សរសើរមន្ដ្រីរាជការ ជានារី ក្នុងបេសកកម្ម ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះមន្ដ្រីរាជការជានារី សម្រេចបាននូវស្នាដៃជាច្រើន ក្នុងបេសកកម្មថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។

តាមសារលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ដីពី ការអបអរសាទរខួបលើកទី១១១ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏មានសារៈសំខាន់របស់នារី ដែលមិនត្រឹមតែបានបំពេញ នូវតួនាទីជាអ្នកគ្រប់គ្រង ក្រុមគ្រួសារ ក្នុងនាមជាមាតា ក្នុងនាមជាភរិយា ជា កូនស្រី ជាបងស្រី ជាប្អូនស្រី សម្រេច បាននូវបរិយាកាស និងភាពកក់ក្ដៅក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ យ៉ាងល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាង សកម្មចូលរួមក្នុងការងារ ដឹកនាំ ការគ្រប់គ្រង និងការ អនុវត្តភារកិច្ច យ៉ាងសកម្មនៅក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ សម្រេចបាននូវស្នាដៃ ជាច្រើនរួមចំណែក ក្នុងបេសកកម្ម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន»។

សម្ដេច បន្ដថា នៅគ្រប់កាលៈទេសៈ ជាពិសេសក្នុង ស្ថានភាពដែលប្រទេសជាតិ កំពុងរងការលំបាក និងតស៊ូជម្នះ នូវបញ្ហាប្រឈម បង្កឡើងដោយវិបត្តិ នៃជំងឺកូរីដ-១៩ នារី របស់គ្រប់រូប បានដើរតួនាទីជាកម្លាំងស្នូល ប្រកប ដោយភាពស្វាហាប់ អង់អាច តស៊ូពុះពារ និង អំណត់ព្យាយាម បំពេញភារកិច្ច យ៉ាងសកម្ម នៅគ្រប់មុខសញ្ញា រាប់ទាំងនៅលើដង ផ្លូវសាធារណៈ នៅក្នុងអង្គភាព ប្រតិបត្តិការ និងនៅក្នុងសហគមន៍ ដើម្បីចុះសាកសួរ សុខទុក្ខ គាំទ្រ និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ទោះបីជាត្រូវប្រឈមមុខនឹងហានិភ័យ នៃជំងឺរាតត្បាត ជាសកលនេះក៏ដោយ ។

សម្ដេច បន្ថែមថា ជាមួយគ្នានេះដែរ ស្ថិតក្នុងស្ថានភាពបែបនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជានារី ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ បាននឹងកំពុងចូលរួម កាន់តែសកម្មក្នុងការងារការពារ និងបង្ការទប់ស្កាត់ ប្រឆាំង ជំងឺកូវីដ-១៩ តាមគ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីអប់រំ និងផ្សព្វផ្សាយនូវវិធានការ សុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងផ្តល់ការគាំទ្រជាជំនួយមនុស្សធម៌ សម្ភារៈ ថ្នាំសង្កូវ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ នៅតាមគោលដៅងាយរងគ្រោះ ដោយមិនរើសអើង ៕

To Top