ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា លោកជឿថា មេដឹកនាំបរទេសមួយចំនួន កំពុងរៀបចំធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយថា ទីក្រុងម៉ូស្គូនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនរហូតដល់ “ទីបញ្ចប់” ។
លោក Lavrov ក៏បានថ្លែងថា រុស្ស៊ី គ្មានគំនិតចង់ធ្វើសង្រ្គាមនុយក្លេអ៊ែរនោះទេ ។
លោក Lavrov បានប្រាប់ដល់ទូរទស្សន៍រដ្ឋរុស្ស៊ី ថា ប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនគឺសំដៅលើការធានាថា ទីក្រុងគៀវ (Kyiv) មិនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) ឡើយ ។
ដោយមិនមានភ័ស្តុតាងណាមួយដើម្បីគាំទ្រការកត់សម្គាល់របស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋមួយសប្តាហ៍បន្ទាប់ពីរុស្ស៊ី បានលុកលុយអ៊ុយក្រែន គាត់ក៏បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលជាជនជាតិជ្វីហ្វជាអធិបតីលើ “សង្គមមួយដែលលទ្ធិ ណាហ្ស៊ី (NAZI)កំពុងរីកចម្រើន” ។
លោកបានថ្លែងថា លោកគ្មានការងឿងឆ្ងល់ទេថា ដំណោះស្រាយចំពោះវិបត្តិនៅអ៊ុយក្រែន នឹងត្រូវបានរកឃើញ ហើយការចរចារថ្មីជិតចាប់ផ្តើមរវាងមន្ត្រីអ៊ុយក្រែន និងរុស្ស៊ី ។
ប៉ុន្តែ លោកបានថ្លែងថា ការសន្ទនារបស់រុស្ស៊ី ជាមួយលោកខាងលិចត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក ដោយបានចោទប្រកាន់ NATO ថាកំពុងស្វែងរកការរក្សាឧត្តមភាព ហើយបានថ្លែងថា ខណៈដែលរុស្ស៊ី មានសុច្ឆន្ទៈច្រើន វាមិនអាចធ្វើឱ្យនរណាម្នាក់បំផ្លាញផលប្រយោជន៍របស់ខ្លួនបានទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
