បរទេស៖ រដ្ឋាភិបាលបារាំង នៅថ្ងៃព្រហស្បត្តិ៍ បាននិយាយថា ខ្លួនបានរឹបអូសយកនាវាទំនើបមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយលោក Igor Sechin នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្ស Rosneft របស់រុស្ស៊ី និងជាអ្នកជិតស្និទ្ធិរបស់លោកប្រធានាធិបតី Vladimir Putin ។
យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុបារាំងបាននិយាយថា នាវា Amore Vero ត្រូវបានរឹបអូសនៅឯកន្លែងផលិតកប៉ាល់នៅ La Ciotat ជិតទីក្រុង Marseille ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា “គយបារាំងបានអនុវត្តការរឹបអូសនាវា Amore Vero នៅ La Ciotat ជាផ្នែកនៃការអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី”។ នាវានេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយ “ដែលលោក Sechin ជាម្ចាស់ភាគហ៊ុនសំខាន់”៕ប្រែសម្រួលៈ ណៃ តុលា

