ព័ត៌មានជាតិ

កម្ពុជា ប្រាប់ហេតុផលដល់ចិន ជុំវិញការសម្រេចចូលជាសហស្ថាបនិក នៃសេចក្តីសម្រេច កិច្ចប្រជុំពិសេសបន្ទាន់របស់ UN ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន

ភ្នំពេញ៖ កម្ពុជា បានបញ្ជាក់ប្រាប់ពីហេតុផល ដល់មិត្តចិន ជុំវិញករណីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន ។

ការបញ្ជាក់ប្រាប់ពីហេតុផលនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកស្រី យ៉ាង យ៉ាន់យី តំណាងពិសេសរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តចូលរួមជា ប្រទេសសហស្ថាបនិកនៃ សេចក្តីសំរេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន។

ទន្ទឹមគ្នានោះកម្ពុជា ក៏មានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាមួយនឹងការយោគយល់ ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ របស់រដ្ឋជាសមាជិកផ្សេងទៀត ៕

To Top