ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនជនភៀសខ្លួន អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើង ដល់១,៥លាននាក់ ខណៈរុស្ស៊ី បន្តវាយលុក

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា ចំនួនជនភៀសខ្លួនអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១,៥លាននាក់គិតត្រឹមថ្ងៃអាទិត្យនេះ ខណៈដែលរុស្ស៊ី បានបន្តការវាយប្រហាររបស់ខ្លួន ឈានចូលដល់ថ្ងៃទី១១ បន្ទាប់ពីការលុកលុយអ៊ុយក្រែន ហើយទីក្រុង គៀវ បានជំរុញឱ្យមានសកម្មភាព របស់លោកខាងលិចបន្ថែមទៀត រួមទាំងការដាក់ទណ្ឌកម្ម និងផ្តល់អាវុធបន្ថែមទៀតផងដែរ ។

ក្រុងម៉ូស្គូ និងក្រុងគៀវ បានធ្វើការស្តីបន្ទោស ជុំវិញបទឈប់បាញ់ដែលបរាជ័យ កាលពីថ្ងៃសៅរ៍ ដែលនឹងអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនចេញពីទីក្រុង Mariupol និង Volnovakha ដែលជាទីក្រុងភាគខាងត្បូង ចំនួន២ដែលត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងរុស្ស៊ី។ ជនជាតិអ៊ុយក្រែន ដែលអាចគេចខ្លួន បានហូរចូលប្រទេសជិតខាង រួមមាន ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកន្លែងផ្សេងទៀត ។

ក្រុមអ្នកចរចាអ៊ុយក្រែន បានលើកឡើងថា ការចរចាជុំទី៣ជាមួយរុស្ស៊ី ស្តីពីបទឈប់បាញ់ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ បើទោះបីជាក្រុងម៉ូស្គូ មិនសូវច្បាស់លាស់ក៏ដោយ ។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីយប់ថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវដល់ប្រជាជន នៅក្នុងតំបន់ដែលកាន់កាប់ដោយទាហានរុស្ស៊ី ក្រោកឈរឡើងប្រយុទ្ធ ។

លោកបានថ្លែងថា “យើងត្រូវតែចេញមក ហើយបណ្តេញអំពើអាក្រក់នេះ ចេញពីទីក្រុងរបស់យើង”  ដោយប្តេជ្ញាថា នឹងកសាងប្រទេសជាតិឡើងវិញ ។

នៅមុននេះ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់សារជាថ្មីថា លោកចង់បានអ៊ុយក្រែន អព្យាក្រឹត ដែលត្រូវបាន “គ្មានយោធា” និង “ផ្តាច់ខ្លួន” ហើយបានប្រដូចការដាក់ទណ្ឌកម្មពីលោកខាងលិច  “ទៅនឹងការប្រកាសសង្រ្គាម” ដោយបន្ថែមថា “សូមអរគុណព្រះជាម្ចាស់ ដែលវាមិនបានកើតឡើងនោះទេ” ។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានបរិហារពីហេតុផល របស់លោក ពូទីន ថា ជាលេសគ្មានមូលដ្ឋានសម្រាប់ការលុកលុយដែលលោកបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយក្នុងគោលបំណង ធ្វើឱ្យទីក្រុងម៉ូស្គូស្ថិតក្នុងភាពឯកោ និងធ្វើឱ្យសេដ្ឋកិច្ច របស់ប្រទេសនេះចុះខ្សោយ ៕

To Top