ព័ត៌មានជាតិ

ទូតចិន៖ ដរាបណាចិន-កម្ពុជា ចាប់ដៃគ្នាក្នុងចិត្តមួយ គឺគ្មានការលំបាកណា ដែលមិនអាចយកឈ្នះបានទេ

ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ដរាបណា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ធ្វើការរួមគ្នានឹងអាចយកឈ្នះលើបញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។ ដរាបណា ចិននិងកម្ពុជា បានចាប់ដៃគ្នា ក្នុងចិត្តមួយ គឺគ្មានការលំបាកណាដែលមិនអាចយកឈ្នះបានទេ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោក វ៉ាង វិនធាន បានមានប្រសាសន៍ថា «ប៉ុន្មានថ្ងៃទៀត ចិននឹងបញ្ជូនក្រុមគ្រូពេទ្យថ្នាក់ជាតិទៅក្រៅប្រទេស ក្នុងនោះក្រុមទី១ នឹងបញ្ជូនមកកាន់កម្ពុជា នឹងចែករំលែកបទពិសោធន៍ប្រើប្រាស់ថ្នាំចិនសែ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយកម្ពុជា»។

លោកថា ចិនគាំទ្រយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងដល់កុមារ ហើយនឹងផ្ដល់ជំនួយវ៉ាក់សាំង ក្នុងចំនួនថ្មីមួយទៀតមកដល់កម្ពុជាឲ្យបានឆាប់។

លោក វ៉ាង វិនធាន បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ដរាបណា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ធ្វើការរួមគ្នានឹងអាចយកឈ្នះ លើបញ្ហាប្រឈមនៃការរីករាលដាល នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។ ដរាបណា ចិននិងកម្ពុជា បានចាប់ដៃគ្នា ក្នុងចិត្តមួយ គឺគ្មានការលំបាកណាដែលមិនអាចយកឈ្នះបានទេ» ៕

To Top