ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តស្ត្រី ឲ្យបន្តអភិវឌ្ឍន៍ខ្លួន និងទទួលយកតួនាទីជាអ្នកដឹកនាំ កាន់តែច្រើនថែមទៀត ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ក្នុងពិធីរំលឹកខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីតួនាទី ដ៏សំខាន់របស់ស្ត្រី ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើកទឹកចិត្តស្ត្រី ឲ្យបន្តអភិវឌ្ឍន៍ខ្លួន តាមរយៈការអប់រំ ការបណ្តុះបណ្តាល និងទទួលយកតួនាទី ជាអ្នកដឹកនាំកាន់តែច្រើន ថែមទៀតនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពីការយកចិត្តទុកដាក់ របស់ក្រសួងសាធារណការ ក្នុងការផ្ដល់តួនាទីជូនមន្ត្រីរាជការជាស្ត្រី ក្នុងនោះ នៅឆ្នាំ២០១៦ មានស្ត្រីដែលមានតួនាទីមានចំនួន ៦២រូប និងបានកើនឡើងដល់ ១៣៧រូបក្នុងឆ្នាំ២០២២ ជាការបង្ហាញថាស្ត្រីមាន សមត្ថភាពអាចធ្វើបានដូចបុរសដែរ និងបានបញ្ជាក់បន្ថែមទៀតថា តួលេខនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាមទារឲ្យក្រសួងមានការផែនការ បណ្ដុះបណ្ដាលស្រ្តីបន្ថែមទៀត ដើម្បីស្ត្រីមានតួនាទីកាន់តែ ច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានស្នើនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ រៀបចំកម្មវិធីបណ្ដុះបណ្ដាល ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដល់មន្ត្រីរាជការជាស្តី្រ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនសមត្ថភាពស្ត្រី ឲ្យកាន់តែទូលំទូលាយ និងបានណែនាំឲ្យសមាគមនារីក្រសួង រួមជាមួយថ្នាក់ដឹកនាំសិក្សាលទ្ធភាព តែងតាំងស្ត្រីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូននៅគ្រប់រាជធានី-ខេត្តទាំងអស់។
គួរកត់សម្គាល់ថា ការកំណត់យកមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» សម្រាប់ទិវាស្ត្រីឆ្នាំនេះ សំដៅលើការលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានានូវចីរភាព នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ដូចមាន កំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ផងដែរ៕