បរទេស៖ មន្ត្រីអាមេរិក និងអឺរ៉ុប បានពិភាក្សាអំពីរបៀប ដែលលោកខាងលិច នឹងគាំទ្ររដ្ឋាភិបាលនិរទេស ដែលដឹកនាំដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ប្រសិនបើគាត់ត្រូវតែភៀសខ្លួន ចេញពីទីក្រុងគៀវ, នេះបើតាមមន្ត្រីលោកខាងលិច បានប្រាប់ CNN ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា ការពិភាក្សាមានចាប់ពីការគាំទ្រ ដល់លោក Zelensky និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ក្នុងការផ្លាស់ប្តូរ ដ៏មានសក្តានុពលមួយ ទៅកាន់ទីក្រុង Lviv នៅភាគខាងលិច ប្រទេសអ៊ុយក្រែន រហូតដល់លទ្ធភាពដែលលោក Zelensky និងជំនួយការរបស់គាត់ ត្រូវបានបង្ខំឱ្យភៀសខ្លួន ចេញពីអ៊ុយក្រែនទាំងស្រុង និងបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងប្រទេសប៉ូឡូញ។
ប្រភពបានបន្តថា ការពិភាក្សាគឺគ្រាន់តែជាបឋមប៉ុណ្ណោះ ហើយមិនមានការ សម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនោះទេ។
អ្នកការទូតលោកខាងលិច២រូប បាននិយាយថា មន្ត្រីលោកខាងលិច ក៏បានប្រុងប្រយ័ត្នផងដែរ ក្នុងការពិភាក្សាអំពីរដ្ឋាភិបាលនិរទេសខ្លួន ដោយផ្ទាល់ជាមួយ Zelensky ពីព្រោះគាត់ចង់ស្នាក់នៅក្នុងទីក្រុងគៀវ ហើយរហូតមកដល់ពេលនេះ បានច្រានចោលការសន្ទនា ដែលផ្តោតលើអ្វីផ្សេង ក្រៅពីការជំរុញអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។ ពួកគេបានបន្ថែមថា មានការពិភាក្សាអំពីការបញ្ជូនសមាជិកម្នាក់ ឬច្រើននាក់នៃរដ្ឋាភិបាល របស់លោក Zelensky ទៅកាន់ទីតាំងខាងក្រៅ ដែលរដ្ឋាភិបាល អាចត្រូវបានបង្កើតឡើង ក្នុងករណីដែលទីក្រុងគៀវ ដួលរលំ ហើយ Zelensky មិនមានឆន្ទៈ ឬមិនអាចចេញក្រៅបាន៕ ប្រែសម្រួលៈ ណៃ តុលា