កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកបាទក្រហម ខេត្តកំពង់ចាម អមដំណើរដោយសហការី និងព្រះសង្ឃផងនោះ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៨ ជាផ្ទះមនុស្សធម៌ខេត្ត ជូន លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរា គ្មានទីពឹង អាយុ ៧២ឆ្នាំ នៅ ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ។
នាយកប្រតិបត្តិសាខា កាកបាទក្រហមខេត្តកំពង់ចាម លោកទូច ឆៃ បានឲ្យដឹងថា លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយគ្មានទីពឹង មានកូនប្រុសស្រី ៣នាក់ ក្នុងនេះ ២នាក់មានគ្រួសាររស់នៅបែកគ្នា ឯកូនប្រុស១នាក់ទៀត អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់ រស់ក្នុងបន្ទុក គាត់សព្វថ្ងៃ ។ លោកបន្តថា ខណ:ជីវភាពគាត់ជួបលំបាកស្រាប់ រកបានព្រឹកខ្វះល្ងាច ដោយប៉ុន្មានឆ្នាំមកនេះ លោកយាយ បានធ្លាក់ខ្លួនមានជម្ងឺប្រចាំកាយ ពុំមាន លទ្ធភាពរកទទួលទានបាន ក៏ដាច់ចិត្តលក់ដីភូមិរបស់ខ្លួន ហើយចែកប្រាក់មួយចំនួនដល់កូន ២នាក់ដែលបែកនៅឆ្ងាយ រីឯប្រាក់សេសសល់ មួយចំនួនទៀត ទុកចិញ្ចឹមកូន ១នាក់ក្នុងបន្ទុកផង និងមើលជំងឺខ្លួនឯងផង ។ ជាងនេះទៅទៀតគឺ ២នាក់ ម្តាយនិងកូន ត្រូវប្រឈមនឹងកង្វះទីជម្រក ហើយបង្ខំចិត្ត ដើរសុំស្នាក់ពំនាក់ ក្រោមផ្ទះអ្នកជិតខាង ។
ដោយមើលឃើញពីស្ថានភាពលំបាកនេះ ព្រះចៅអធិការវត្តស្រក បានសម្រេចផ្តល់ដីជាគរុភ័ណ្ឌវត្ត ១ប្លង់ ជូនលោកយាយ រស់នៅ តែមិនប្រគល់អោយជាកម្មសិទ្ធិ ទេ ហើយ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ ទំហំ៤ម×៦ម ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូន លោកយាយ អ៊ាង មួយហ៊ាង សម្រាប់ ស្នាក់នៅតទៅ។
ទន្ទឹមនឹងនោះ ដើម្បីជួយសម្រាលជីវភាពរស់នៅ លោកអភិបាលខេត្ត បានផ្តល់សម្ភារ: គ្រឿងឧបភោគបរិភោគ ជូនគ្រួសារ លោកយាយ អ៊ាង មួយហ៊ាង សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ ម៉ាស់ ២ ប្រអប់ ចង្ក្រាន១ សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួល ផ្ទះថ្មីនេះ ចំនួន ១២ នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕