ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានលើការហាមប្រាម ការនាំចូលប្រេង ខណៈមានការរីកចម្រើនតិចតួច នៅកិច្ចចរចាជាមួយអ៊ុយក្រែន

អ៊ុយក្រែន៖ ការភ័យខ្លាចនៃសង្រ្គាមថាមពលរវាងរុស្ស៊ី និងលោកខាងលិច បានកើនឡើងនៅថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្ម ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើអ៊ុយក្រែន ជាកន្លែង ដែលកិច្ចពិភាក្សា ស្តីពីច្រករបៀងមនុស្សធម៌ មានដំណើរការតិចតួច។

រុស្ស៊ីបានព្រមានថា ខ្លួនអាចបញ្ឈប់លំហូរឧស្ម័ន តាមរយៈបំពង់បង្ហូរប្រេងពីរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងប៊ែរឡាំងកាលពីខែមុន ដើម្បីបញ្ឈប់ការបើកបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដ៏ចម្រូងចម្រាស ដែលរុស្ស៊ី ផ្គត់ផ្គង់ ឧស្ម័ន ៤០ ភាគរយ របស់ អឺរ៉ុប។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានលើកឡើងថា “យើងមានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការធ្វើការសម្រេចចិត្តដែលត្រូវគ្នា និងដាក់ទណ្ឌកម្មលើការបូមឧស្ម័ន តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 1” ។

លោក Novak ក៏បានព្រមានថា តម្លៃប្រេងអាចកើនឡើង លើសពីទ្វេដងដល់ ៣០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនហាមឃាត់ ការនាំចូលប្រេងពីរុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់ បន្ទាប់ពីប្រទេសនេះត្រូវបានបង្កក ដោយប្រសិទ្ធភាពពីទីផ្សារ ហិរញ្ញវត្ថុលោកខាងលិច។

អ្នកវិភាគនៅធនាគារ Bank of America បានឲ្យដឹងថា ប្រសិនបើការនាំចេញប្រេង ភាគច្រើនរបស់រុស្ស៊ី ត្រូវបានកាត់ចោល នោះអាចនឹងមានការខ្វះខាត ៥លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ឬច្រើនជាងនេះ ដែលជំរុញឱ្យតម្លៃឡើងដល់ ២០០ដុល្លារក្នុងពេលឆាប់ៗ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top