វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មថាមពលលើប្រទេសរុស្ស៊ី ដោយហាមឃាត់ការនាំចូលប្រេង ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្មពីសហរដ្ឋអាមេរិក ជុំវិញប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ។
លោកប្រធានាធិបតីបានថ្លែងដូច្នេះនៅក្នុងសុន្ទរកថាដែលគាត់បានបញ្ជូនពីសេតវិមានថា “នេះមានន័យថា ប្រេងរបស់រុស្ស៊ីនឹងមិនអាចទទួលយកបានចំពោះកំពង់ផែរបស់សហរដ្ឋអាមេរិកទៀតនោះទេ” ។ លោកបានអះអាងថា វិធានការនេះនឹងដោះស្រាយ “ការវាយប្រហារដ៏ខ្លាំងក្លា” ដល់សមត្ថភាពរបស់រុស្ស៊ី ក្នុងការទ្រទ្រង់មូលនិធិសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន ខណៈដែលគាត់ក៏ទទួលស្គាល់ថា វានឹងធ្វើឱ្យប្រជាជនអាមេរិកមិនចាកចេញទៅណា ដោយសារតែមានការឡើងថ្លៃជាបន្តបន្ទាប់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានា។
លោក បៃដិន បានថ្លែងថា តម្លៃឧស្ម័ននៅកន្លែងបូមបានឡើងថ្លៃ៧៥សេន ចាប់តាំងពីរុស្ស៊ី បានបើកប្រតិបត្តិការយោធា ។
លោកបានថ្លែងទៀតថា “ជាមួយនឹងសកម្មភាពនេះ វានឹងកើនឡើងបន្ថែមទៀត” ។
គួរបញ្ជាក់ថា តម្លៃជាមធ្យមសម្រាប់ប្រេងសាំងរបស់សហរដ្ឋអាមេរិកបានឡើងដល់កម្រិតខ្ពស់បំផុតគឺ៤.១៧៣ដុល្លារក្នុង១ហ្គាឡុងកាលពីថ្ងៃអង្គារ នេះបើយោងតាមសមាគមរថយន្តអាមេរិក ដែលទិន្នន័យរបស់ពួកគេបានបង្ហាញថា តម្លៃនេះគឺខ្ពស់ជាង១៥ភាគរយកាលពីមួយសប្តាហ៍មុន និង២១ភាគរយខ្ពស់ជាងកាលពីមួយខែមុន ។
ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុប ដែលពឹងផ្អែកលើប្រទេសរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រហែល៤០ភាគរយបានប្រកាសកាលពីថ្ងៃអង្គារនូវវិធានការដែលមានកម្រិតប្រៀបធៀប ដោយកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរបស់រុស្ស៊ីចំនួន ២/៣ នៅក្នុងឆ្នាំនេះ និងមានបំណងដើម្បីរួចផុតពីការពឹងផ្អែកមុនឆ្នាំ២០៣០ ។ សហរដ្ឋអាមេរិក គឺមិនសូវពឹងផ្អែកលើថាមពលរុស្ស៊ីជាងបណ្តាប្រទេសនៅអឺរ៉ុបនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា