ព័ត៌មានជាតិ

អាមេរិក ផ្ដល់ជំនួយហិរញ្ញប្បទាន ឥតសំណងជាង ៦លានដុល្លារ ដើម្បីបោសសំអាត គ្រាប់បែកចង្កោម នៅកម្ពុជា

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា នៅថ្ងៃទី៩ មីនា នេះ បានចុះហត្ថលខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការរវាង NPA-ស៊ីម៉ាក់ លើជំនួយហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលអាមេរិកចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយៈ NPA ដើម្បីគាំទ្រស៊ីម៉ាក់ បោសសំអាតតំបន់ រងផលប៉ះពាល់គ្រាប់បែកចង្កោមរយៈពេល ៤៥ខែ ចាប់ពីថ្ងៃទី១ មីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា បានបញ្ជាក់ថា «ក្រសួងការបរទេស នៃរដ្ឋាភិបាលអាមេរិក បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ សម្រាប់រយៈពេល ៤៥ខែ (១ មីនា២០២២ ដល់ថ្ងៃទី៣០ វិច្ឆិកា ២០២៥) ដោយផ្តល់តាមរយៈអង្គការNPA សម្រាប់គាំទ្រសកម្មភាព របស់អង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនៈគីរី និងខេត្តមណ្ឌលគីរី»។

លោក បន្ដថា បរិមាណជំនួយនេះ មានបរិមាណដូចបណ្តាលឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះមានរយៈពេលវែង ៤៥ខែ ដែលកន្លងមកផ្តល់រយៈពេល មួយឆ្នាំម្តងប៉ុណ្ណោះ។ លោក ថា ជំនួយនេះ ផ្តល់លទ្ធភាពឲ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកំលាំងប្រតិបត្តិការជាង ២០០នាក់និ ងអាចរំដោះផ្ទៃដី តំបន់គ្រាប់បែកចង្កោមជាង ១៣,២០០ហិចតា។

ជាមួយនេះដែរ ក្រសួងការបរទេស Norway ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូចចំនួន ២គម្រោង គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីន ដែលកំពុងប្រតិបត្តិការ និងគម្រោងបោសសំអាតមីនតំបន់ព្រំដែន កម្ពុជា-ថៃ ដែលគម្រោងទាំង២ មានថវិកាចំនួន៨៩,០៧៧ដុល្លារ សម្រាប់រយៈពេល ៣ខែ៕

To Top