បរទេស៖ មន្ត្រីជាន់ខ្ពស់ របស់សេតវិមានរបស់សហរដ្ឋអាមេរិក លោកស្រី Jen Psaki កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញមកទទួលស្គាល់អំពីរបាយការណ៍ ដែលបានអះអាងថាអាមេរិក ពិតជាបានសម្រេចចិត្តផ្អាកបញ្ជូន យន្តហោះចម្បាំងទាំង២៨គ្រឿង របស់ប៉ូឡូញ ទៅឲ្យអ៊ុយក្រែនពិតមែនហើយ ក៏ព្រោះតែមិនចង់ឃើញសង្គ្រាមលោកកើតឡើង។
លោកស្រី Jen បានបន្តដែរថាអាមេរិកបារម្ភថា ការបញ្ជូនលើកនេះនឹងក្លាយទៅជា ការពាក់ព័ន្ធដោយផ្ទាល់ របស់អាមេរិកព្រមទាំងសម្ព័ន្ធមិត្តណាតូ ចូលទៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងប្រទេសរុស្សី។
លោកស្រីបានបញ្ជាក់បែបនេះថា៖ ខ្ញុំហ៊ាននិយាយបានថា នៅពេលនេះការវាយតម្លៃរបស់យើងគឺពឹងផ្អែក តែទៅលើការបញ្ជៀសពិភពលោកចេញពីសង្គ្រាមលោកលើកទី៣។ ពួកយើងនឹងមិនធ្វើរឿង ដែលមិនបានផ្តល់អត្ថប្រយោជន៍ មកដល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូឡើយ។
គួរឲ្យដឹងដែរថាកន្លងមកលោកស្រី Psaki ធ្លាប់បានបន្ទោសថាការយឺតយ៉ាវ នៃការបញ្ជូនយោធាចម្បាំងទៅឲ្យអ៊ុយក្រែន ពីប៉ូឡូញដោយសារតែបញ្ហាពិបាក ទំនាក់ទំនងគ្នា ប៉ុន្តែក្រោយមក លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បានអះអាងថាប៉ូឡូញគឺបានបើកភ្លើងខៀវរួចទៅហើយ សម្រាប់យន្តហោះទាំង២៨គ្រឿងនោះ៕ ប្រែសម្រួល៖ស៊ុនលី