ភ្នំពេញ៖ សហភាពអឺរ៉ុប បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹង ចំពោះការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ក៏ដូចជាការតែងតាំង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើជាប្រេសិតពិសេស របស់ប្រធានអាស៊ាន សម្រាប់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ។
កាលពីថ្ងៃទី១០ មីនា ក្រសួងការបរទេសខ្មែរ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១១ ដឹកនាំដោយលោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃ មន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។
កិច្ចប្រជុំ ក៏បានពិភាក្សាផងដែរពីស្ថានភាព នៅប្រទេសអ៊ុយក្រែន ស្ថានភាពសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ព្រមទាំងការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ភាពជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប-អាស៊ាន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សហភាពអឺរ៉ុប ក៏បានកោតសរសើរកម្ពុជាផងដែរ ចំពោះជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) កាលពីឆ្នាំ២០២១ កន្លងទៅ ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាក្នុងការធានាឱ្យបានថា ពហុភាគីនិយមនៅតែបន្តមានភាពពាក់ព័ន្ធ និងមានប្រសិទ្ធភាព ដោះស្រាយបញ្ហាតំបន់ និងសកល។
សហភាពអឺរ៉ុប បានគូសបញ្ជាក់ថា ការតែងតាំងលោក Igor Driesmans ជាប្រេសិតពិសេសរបស់ EU សម្រាប់ប្រទេសមីយ៉ាន់ម៉ា សរបញ្ជាក់ឱ្យឃើញពីការគាំទ្រ យ៉ាងខ្លាំងក្លារបស់សហភាពអឺរ៉ុបចំពោះអាស៊ាន និងប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន ៕