ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រកាសសុំទោស ក្រោយបាញ់ច្រឡំ មីស៊ីល ចូលទឹកដីប៉ាគីស្ថាន

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសឥណ្ឌា បានចេញប្រកាសធ្វើការសុំទោសមួយ ជាសាធារណៈ ក្រោយពេលដែលបានធ្វើការបាញ់ មីស៊ីល ច្រឡំចូល ទៅក្នុងទឹកដី របស់ប្រទេសប៉ាគីស្ថាន កាលពីដើមសប្តាហ៍ កន្លងមក ហើយបានអះអាងថា វាគឺជាកំហុសបច្ចេកទេស ដែលបានកើតឡើង ក្នុងពេលកំពុងជួសជុល ។

ក្រសួងការពារជាតិ ប្រទេសឥណ្ឌា បានចេញសារសុំទោសនេះ កាលពីថ្ងៃសុក្រម្សិលមិញថា កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ ក្នុងអំឡុងពេល នៃការជួសជុលមុខងារមួយ របស់មីស៊ីលបានធ្វើឲ្យមាន ការបាញ់ចេញ ហើយវាបានហោះទៅដល់ តំបន់មួយនៃប្រទេសប៉ាគីស្ថាន ។ យើងពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍នេះ ប៉ុន្តែជាសំណាងល្អ យើងបានទទួលព័ត៌មាន ថាមិនមានអ្នកបាត់បង់ជីវិតឡើយ។

ប្រទេសប៉ាគិស្ថាន មុនការប្រកាសសុំទោស ដោយឥណ្ឌាបានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងញូវដេលី បានធ្វើការបាញ់មីស៊ីលម្យ៉ាង ដែលមានល្បឿនលឿន ជាសម្លេងនិង កំពស់ខ្ពស់ចូល ដែនអាកាសរបស់ខ្លួន ហើយវាបានធ្លាក់ នៅភាគខាងកើត នៃប្រទេសក្នុងខេត្ត Mian Channu ។

គួរឲ្យដឹងដែរថា ឥណ្ឌានិងប៉ាគីស្ថាន បានក្លាយទៅជាសត្រូវនឹងគ្នាគិត ចាប់តាំងតែពីឆ្នាំ១៩៤៧ បន្ទាប់ពីឥណ្ឌាបានទទួលឯករាជ្យ ពីអង់គ្លេសនិង បានទទួលយករដ្ឋបំបែកខ្លួន មួយចំនួនទៅជារដ្ឋរបស់ខ្លួនផងដែរ ហើយ ជារឿយៗភាគីទាំងពីរ បានប៉ះទង្គិចគ្នា ដោយយោធានិងជាពិសេស កាលពីឆ្នាំ២០១៩កន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

To Top