ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសពីការផ្អាក នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ ទីក្រុងវីយែន

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Saeed Khatibzadeh បានអះអាងពីការសម្រេច “ផ្អាក” នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ នៅទីក្រុងវីយែន ហើយបានលើកឡើងថា ការសម្រាកនេះ នឹងត្រួសត្រាយផ្លូវ សម្រាប់ដំណោះស្រាយ ចំពោះបញ្ហា ដែលនៅសេសសល់ ។

ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានលើកឡើងថា ការផ្អាកមួយ គឺចាំបាច់ នៅក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដោយលើកឡើងពី “កត្តាខាងក្រៅ” ។

លោកបានសរសេរថា “ខ្ញុំនឹងជាមួយក្រុមរបស់ខ្ញុំ បន្តទំនាក់ទំនង ជាមួយអ្នកចូលរួម JCPOA ទាំងអស់ និងសហរដ្ឋអាមេរិក ដើម្បីយកឈ្នះលើស្ថាន ភាពបច្ចុប្បន្ន និងដើម្បីបិទកិច្ចព្រមព្រៀង” ខណៈពេលដែលកត់សម្គាល់ថា អត្ថបទចុងក្រោយ នៃកិច្ចព្រមព្រៀងមួយគឺ “រួចរាល់ជាស្រេចហើយ ដើម្បីយកទៅតុចរចា” ។

លោក Borrell មិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀត អំពីពេលណា ដែលការចរចា នឹងត្រូវកោះប្រជុំ ឡើងវិញនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Enrique Mora អ្នកសម្របសម្រួលសហភាពអឺរ៉ុប ក្នុងកិច្ចចរចា នៅទីក្រុងវីយែន បានឲ្យដឹងបន្ទាប់ពីការ ប្រកាសរបស់លោក Borrell ថាអ្នកចរចា “ខិតកាន់តែជិតក្នុងការឈាន ដល់កិច្ចព្រមព្រៀងមួយ ហើយមានអត្ថបទ ដែលស្ទើរតែអ្វីៗគ្រប់យ៉ាងរួចរាល់” ។ លោកបន្ដថា ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រកាន់យកនូវវិធីសាស្រ្តស្ថាបនា និងវិជ្ជមានក្នុងការចរចា ។

លោកបានបន្ដថា “ដើម្បីរក្សាស្មារតី និងបរិយាកាសដ៏ល្អនេះ វាជាការប្រសើរក្នុងការផ្អាក” ដោយបន្ថែមថា លោកសង្ឃឹមថា កិច្ចពិភាក្សាអាចបន្តឡើងវិញ “ក្នុងពេលឆាប់ៗនេះ” ។

ការផ្អាកភ្លាមៗ នៃកិច្ចចរចានៅទីក្រុងវីយែន បានកើតឡើងនៅពេល ដែលអ្នកចូលរួមក្នុងការចរចា បានបង្ហាញឱ្យឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេកំពុងបិទនៅក្នុងកិច្ចព្រមព្រៀងមួយ បើទោះបីជាបញ្ហាមិនទាន់ មានមួយចំនួនក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top