ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺអំពីបុគ្គលឈ្មោះ ហួន សីហាថា មិនមែនជាជំនួយការរបស់លោកនោះទេ។
នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់លោក ឈុំ សុជាតិ ដោយបានយកឈ្មោះរបស់លោកទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម។នេះបើតាមហ្វេសប៊ុក លោក ឈុំ សុជាតិ។
ហ្វេសប៊ុកលោកនាថ្ងៃ១២ មីនា នេះបញ្ជាក់ថា “ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ”។
ជុំវិញបញ្ហានេះ លោកស្នើ និងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភ័ន្តច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ លោកក៏អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យរូបនេះ ក៏លើកទឹកចិត្ត ឲ្យមានការដាក់ពាក្យបណ្ដឹងដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយរងគ្រោះ ដោយសារបុគ្គលខាងលើនេះ៕