ព័ត៌មានអន្តរជាតិ

លោកពូទីន ប្រាប់តួកគីថា មូស្គូនឹងបញ្ឈប់ ការវាយលុក ប្រសិនបើកងទ័ព អ៊ុយក្រែន ឈប់ប្រយុទ្ធ ហើយទីក្រុងគៀវ បំពេញតាមការទាមទារ ទាំងអស់របស់ វិមានក្រឹមឡាំង

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកចំហចំពោះគំនិតនៃការជួបពិភាក្សា ជាមួយសមភាគីអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelensky ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Cavusoglu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា “យើងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរៀបចំកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី” និងអ៊ុយក្រែន។ លោករដ្ឋមន្ត្រីបន្តថា «ជាគោលការណ៍ លោកពូទីនបាននិយាយក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរបស់យើងថា លោកនឹងមិនប្រកាន់ចំពោះជំនួបបែបនេះទេ ដោយបន្ថែមថាភាគីអ៊ុយក្រែនក៏បានត្រៀមខ្លួនរួចរាល់ដែរ។

លោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីមួយសប្តាហ៍មុន ដោយពិភាក្សាអំពី “ប្រតិបត្តិការយោធា” របស់រុស្ស៊ីដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ កាលនោះ លោក ពូទីន បានប្រាប់សមភាគីរបស់លោកថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងបញ្ឈប់ការវាយលុករបស់ខ្លួន ប្រសិនបើកងទ័ពអ៊ុយក្រែនឈប់ប្រយុទ្ធ ហើយទីក្រុងគៀវ បំពេញតាមការទាមទារទាំងអស់របស់វិមានក្រឹមឡាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top