DAP News

សេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ដើម្បីសម្រេចនូវសមិទ្ធផលសេដ្ឋកិច្ច ឆ្នាំ២០២២ (Video)

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Gan Kim Yong រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង កម្ពុជា-សិង្ហបុរី បន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Gan Kim Yong នាថ្ងៃទី១៤ មីនា លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណលើការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដល់កម្ពុជា ធ្វើជាប្រធានដឹកនាំកន្លងមក តួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំលើកទី១ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កិច្ចប្រជុំលើកទី៥៣ នៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាពេលកន្លងទៅ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសកិច្ចប្រជុំចង្អៀតខាងមុខ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី នឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។

នាឱកាសនោះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរីបន្ថែមទៀត និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕

To Top