ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ណែនាំពីការរៀបចំនីតិវិធី ប្រតិបត្តិស្ដង់ដា សម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិ ក្នុងការស៊ើបអង្កេត

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញគោលការណ៍ណែនាំ ពីការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា សម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត ខណៈកម្ពុជា ជាសមាជិករបស់ក្រុមអាស៊ីប៉ាស៊ីហ្វិក ស្ដីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG)។

យោងតាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា កម្ពុជា បានអនុវត្តអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) និងអនុវត្តកាតព្វកិច្ចនានាក្នុងនាមសមាជិក APG ដោយរួមបញ្ចូលទាំងការ ស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ ព្រមទាំងការស្វែងរកទ្រព្យពាក់ព័ន្ធនឹងបទល្មើស និងការរឹបអូសផលនិងទ្រព្យសម្បត្តិខុសច្បាប់ទាំងនោះ។

លើសពីនេះទៀត អាជ្ញាធរអនុវត្តច្បាប់របស់កម្ពុជា ដែលមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ បានខិតខំបំពេញភារកិច្ច របស់ខ្លួនតាមការកំណត់ដោយច្បាប់ ក្នុងការស៊ើបអង្កេតសំអាងនៃបទល្មើស, បទល្មើសសម្អាតប្រាក់, ការស្វែងរកទ្រព្យ ពាក់ព័ន្ធនឹងបទល្មើស និងការរឹបអូសផលនិងទ្រព្យសម្បត្តិខុសច្បាប់ទាំងនោះ ស្របតាមក្រមនីតិវិធី ព្រហ្មទណ្ឌ ឆ្នាំ២០០៧, ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩, ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ឆ្នាំ២០២០, ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ឆ្នាំ២០២០ និង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។

ជាលទ្ធផល សំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ ត្រូវបានស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការជាបន្តបន្ទាប់ ហើយទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសភាគច្រើន ក៏ត្រូវបានកំណត់អត្តសញ្ញាណ តាំងពីដំណាក់កាលដំបូងនៅពេលចាប់ផ្ដើម ស៊ើបអង្កេត ឃាត់ទុក បង្កក និងរឹបអូសផងដែរ៕

To Top