ព័ត៌មានអន្តរជាតិ

Updated ៖ រុស្ស៊ី អះអាងថា កងកម្លាំងប្រដាប់អាវុធ របស់ខ្លួន បានគ្រប់គ្រងតំបន់ Kherson ទាំងស្រុងហើយ

បរទេស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី បានអះអាង នៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធ របស់ខ្លួនបានគ្រប់គ្រងទាំងស្រុង នៅតំបន់ Kherson ភាគ ខាងត្បូង របស់ប្រទេសអ៊ុយក្រែន ទោះបីជាទីភ្នាក់ងារព័ត៌មាន Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់ ដោយឯករាជ្យ នូវសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ Igor Konashenkov ក៏ដោយ ។

ទីក្រុង Kherson ដែលជារាជធានីខេត្ត ដែលមានប្រជាជន ប្រហែល២៥០.០០០នាក់ គឺជាមជ្ឈមណ្ឌល ទីក្រុង ដ៏សំខាន់ដំបូងគេ ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃ របស់ទាហានរុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។

មន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា ប្រទេសរុស្ស៊ី អាចប្រើប្រាស់ក្រុង Kherson ជាផ្នែកនៃយុទ្ធសាស្ត្រ សម្រាប់ការផ្លាស់ប្តូរ សក្តានុពលទៅកាន់ក្រុង Mykolaiv ហើយបន្ទាប់មកទៅកាន់ក្រុង Odessa ដែលជាទីក្រុងយុទ្ធសាស្ត្រផ្សេងទៀត នៅភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន ។

រុស្ស៊ី បានហៅសកម្មភាព របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថា ជា “ប្រតិបត្តិការយោធាពិសេស” ដើម្បី “បំផ្លាញ” អ្នកជិតខាងរបស់ខ្លួន និងទប់ស្កាត់អំពើ ប្រល័យពូជសាសន៍ ដែលជាការទាមទារ របស់អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច ច្រានចោលថា ជាលេសសម្រាប់ការវាយ ប្រហារដោយអយុត្តិធម៌ និងខុសច្បាប់ ។

លោក Konashenkov បានប្រាប់ដល់សន្និសីទសារ ព័ត៌មានដោយមិនបញ្ជាក់លម្អិតថា “កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធ រុស្ស៊ី បានគ្រប់គ្រងទាំងស្រុង លើទឹកដីទាំងអស់នៃតំបន់ Kherson” ។

លោកបានឲ្យដឹងទៀតថា កាលពីថ្ងៃចន្ទ កងកម្លាំងរុស្ស៊ី បានរឹបអូសប្រព័ន្ធកាំជ្រួច ប្រឆាំង រថពាសដែក Javelin ដែលផលិត ដោយសហរដ្ឋអាមេរិកចំនួន១០ និង អាវុធមួយចំនួនទៀតដែលផ្គត់ផ្គង់ ដោយប្រទេស លោកខាងលិច ដល់អ៊ុយក្រែន ។ លោកបានបន្ថែមនៅក្នុងឃ្លីប នៃសេចក្តីសង្ខេបដែលក្រសួងបង្ហោះ នៅលើទំព័រ YouTube របស់ខ្លួន ។

លោក Konashenkov បានលើកឡើង ថា រថពាសដែក Javelins និងសព្វាវុធបរទេស ផ្សេងទៀត កំពុងត្រូវបានប្រគល់ទៅឱ្យពួកយុទ្ធជន មកពីតំបន់បំបែក ២នៅភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគ្រប់គ្រងដោយពួកបំបែកខ្លួន ដែលគាំទ្រដោយ រុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top