ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ជំរុញឲ្យរៀបចំបើកស្ថានទូត រវាងកម្ពុជា-ហុងគ្រី ជាថ្មីឡើងវិញ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្តជំរុញការរៀបចំ បើកស្ថានទូតរវាងកម្ពុជា-ហុងគ្រីជាថ្មីឡើងវិញ ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ សំដៅជំរុញទំនាក់ទំនងការទូតទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត ។

ក្នុងពីធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគី នាព្រឹកថ្ងៃទី១៨ មីនា សម្ដេចតេជោ លើកឡើងថា ហុងគ្រីគឺជាប្រទេសទី៦ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ ដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគីដែលសម្តេចបានមកទទួលដោយផ្ទាល់ ។

សម្តេចបន្តថា អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ពីសំណាក់ប្រជាជន និងរដ្ឋាភិបាលហុងគ្រីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។

ក្នុងន័យបន្តទំនាក់ទំនងជាមួយហុងគ្រីឡើងវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេល អនាគត ។

សម្តេចតេជោបញ្ជាក់ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមលើកទឹកចិត្តឲ្យមានការជំរុញការរៀបចំបើកស្ថានទូតនៃប្រទេស ទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគី ឲ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសសម្ដេចតេជោ បំពេញទស្សនកិច្ចនៅហុងគ្រី សម្តេច និងលោក វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្រ្តីហុងគ្រី បានឯកភាពគ្នាថា នៅក្នុងខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឆ្នាំ២០២១ កម្ពុជានឹងបើកស្ថានទូតខ្លួននៅទីក្រុងប៊ុយដាប៉េស ហើយហុងគ្រី ក៏នឹងបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញផងដែរ ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំស្អិតល្មួត និងទ្វេឡើងថែមទៀត។ ប៉ុន្តែគម្រោងនេះមិនទាន់អាចដំណើរការបានដោយសារការផ្ទុះជំងឺកូវីដ១៩។

ប៉ុន្តែកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្រ្តីការបរទេសហុងគ្រីលោក ភីធ័រ ហ្សីជីតូ បានធ្វើដំណើរបំពេញទស្សនកិច្ចកម្ពុជា ក្នុងឱកាសនោះ ហុងគ្រីក៏សម្រេចបើកការិយាល័យតំណាងស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ ក្រោមការចូលរួមបើកសម្ពោធពីសំណាក់ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសហុងគ្រីលោក ភីធ័រ ហ្សីជីតូ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ខណៈការិយាល័យតំណាងស្ថានទូតហុងគ្រីប្រចាំ នៅរាជធានីភ្នំពេញ មានទីតាំងនៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ។

គួររំលឹកថា កម្ពុជា និងហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦ ក្រោយមកពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥ ។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រីបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់ UNTAC ក្នុងប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា៕

To Top