ព័ត៌មានជាតិ

ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និង ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) ម.ក សី្តពី ពិន័យចរាចរណ៍ផ្លូវគោក តាមរយៈសេវាកម្មបង់ប្រាក់ទ្រូម៉ាន់នី

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃសហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក នាថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាននី រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៍ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្ត នៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក និងអ្នកចូលរួមប្រមាណជាង ៥០នាក់ មានដូចជាៈ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងក្រុមហ៊ុនទ្រូម៉ាន់នី និងអ្នកសារពត៌មាន។

លោក នាយឧត្តមសេនីយ ហ៊ឹម យ៉ាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

លោក នាយឧត្តមសេនីយ ហ៊ឹម យ៉ាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា៖ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រង នៃការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចនូវគោលដៅចុងក្រោយ គឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើស និងមានសុវត្ថិភាព ។ តាមរយៈការផ្តល់សេវានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមថានឹងបង្កភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអន្តការណ៍ចំពោះអំពើល្មើសច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ ក្រុមហ៊ុនទ្រូម៉ាន់នី ដែលធ្វើប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាង ១ម៉ឺនសាខានៅទូទាំងប្រទេស នឹងចូលរួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះជាជម្រើសថ្មីបន្ថែមលើការបង់ប្រាក់ពិន័យនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី មានប្រសាសន៍ថា៖ «ក្រុមហ៊ុនទ្រូម៉ាន់នី រីករាយដែលអាចផ្តល់យន្តការមួយដើម្បីធ្វើឱ្យអតិថិជនរបស់យើងមានភាពងាយស្រួលក្នុងការទូទាត់វិក័យបត្រ ឬប្រាក់ពិន័យអំពើល្មើសនិងច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ តាមរយៈកិច្ចសហការនេះ និងធ្វើឱ្យមានភាពកាន់តែងាយស្រួលផងដែរសម្រាប់អតិថិជនរបស់យើងក្នុងការទូទាត់ប្រាក់ពិន័យណាមួយដែលពួកគាត់អាចនឹងត្រូវទទួលរងអំពីការពិន័យ។ ការបង់ប្រាក់តាមកម្មវិធី True Money Wallet ឬតាមភ្នាក់ងារទ្រូម៉ាន់នី នឹងកាត់បន្ថយការចំណាយពេលវេលាច្រើន »។ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុនទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេស ដោយមានបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។

ក្នុងពេលឆាប់ៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអនុញ្ញាតឱ្យអ្នកដែលទទួលរងពិន័យចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជ្រើសយកជម្រើសបង់ប្រាក់ពិន័យដោយប្រើប្រាស់កម្មវិធី TrueMoney Wallet ឬតាមភ្នាក់ងារទ្រូម៉ាន់នី ឬនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

To Top