ភ្នំពេញ ៖ តាមការលើកឡើងរបស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រកាសអបអរ ចំពោះការដោះស្រាយវិវាទ ជាមួយពលរដ្ឋសហគមន៍៧ ដោយជោគជ័យ ជាមួយនឹងការដោះដូរដី រស់នៅតំបន់7NG ជំនួសវិញ ហើយអាជ្ញាធរ អាចបើកផ្លូវសាធារណៈ មួយខ្សែឡើងវិញបាន បន្ទាប់ពីជាប់គាំង អស់រយៈពេលជាយូរ ។
នៅព្រឹកថ្ងៃទី១៨ មីនានេះ លោក ម៉េត មាសភក្តី បានរៀបរាប់លើបណ្តាញសង្គមថា “ភារកិច្ចថ្មីមួយទៀត ត្រូវបានបញ្ចប់ជាស្ថាពរ! បន្ទាប់ពីទទួលបានការចាត់តាំង ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារ បានប្រជុំសិក្សាជាបន្ទាន់ គិតគូររកដំណោះស្រាយ ដើម្បីបើកផ្លូវសាធារណៈមួយខ្សែជាប់របងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដែលជាច្រើនឆ្នាំមកហើយ ត្រូវបានប្រើប្រាស់ ជាកន្លែងតាំងទីលំនៅ របស់ប្រជាពលរដ្ឋសហគមន៍៧ ជាង ៥០ខ្នង ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក” ។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា “រយៈពេល៨ថ្ងៃគត់ ចាប់ពីដំណាក់កាលសិក្សាស្ថានភាព នៃការរស់នៅ ជ្រើសរើសទីតាំងត្រូវផ្តល់គោលនយោបាយ ប្រជុំពិភាក្សាចរចា ឯកភាពបឋម និងនាំទៅមើល ទីតាំងថ្មីផ្ទាល់ភ្នែក នៅតំបន់អភិវឌ្ឍន៍ 7NG ពន្យល់ហើយពន្យល់ទៀត ជាច្រើនលើកច្រើនសារ ទាល់តែយល់ ចុងក្រោយឯកភាព និងធ្វើពិធីចាប់ឆ្នោតយកទីតាំងដី លំនៅដ្ឋានដើម្បីមានតម្លាភាព ទើបឈានដល់ការស្ម័គ្រ ចិត្តរុះរើនិងជួយដឹកជញ្ជូន”។
បើតាមការលើកឡើងនេះ ពោលប្រជាពលរដ្ឋដែលរស់នៅលើផ្លូវសាធារណៈ ប្រមាណជា៥០ខ្នងផ្ទះ នឹងទទួលបានដីកម្មសិទ្ធិស្របច្បាប់ និងមានការបញ្ជាក់ពីក្រសួង មន្ទីរស្ថាប័នពាក់ព័ន្ធត្រឹមត្រូវ ៕