ព័ត៌មានជាតិ

គណបក្សកម្ពុជានិយម ស្នើយ៉ាងទទូចឲ្យរាជរដ្ឋាភិបាល ដោះស្រាយវិបត្តិប្រេងសាំង ឡើងថ្លៃ

ភ្នំពេញ ៖ គណបក្សកម្ពុជានិយម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានស្នើសុំយ៉ាងទទូចទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការទាន់ពេលវេលា ក្នុងការដោះស្រាយវិបត្តិសាំងឡើងថ្លៃ ។

ការស្នើរបស់គណបក្សទើបបង្កើតថ្មីនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការរណ៍របស់ខ្លួន នាថ្ងៃ១៨ មីនា ។

សេចក្តីថ្លែងការណ៍ស្នើរាជរដ្ឋាភិបាលដោះស្រាយបញ្ហាសាំងឡើងថ្លៃនេះ គឺតាមរយៈការកាត់បន្ថយ ពន្ធគយ ពន្ធអាករបន្ថែម ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមលើការនាំចូលប្រេងសាំងជាអន្តរកាល ព្រមទាំងប្រើប្រាស់ថវិកាបម្រុងរបស់ជាតិ ដើម្បីបញ្ចុះតម្លៃ និងទប់ស្កាត់ការឡើងថ្លៃប្រេងសាំង ទំនិញនានា ក្នុងគោលដៅជួយសម្រាលទុក្ខលំបាក និងធានាជីវភាពរបស់នៅប្រសើរសម្រាប់ដល់ពលរដ្ឋ ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាយោគយល់ ចំពោះការកើនឡើង នៃតម្លៃប្រេងសាំង ព្រោះការកើនឡើងតម្លៃប្រេងនេះ មិនមែនកើតឡើង តែនៅកម្ពុជានោះទេ ប្រទេសផ្សេងៗនៅលើពិភពលោក សុទ្ធតែរងផលប៉ះពាល់នេះដូចគ្នា ។

សូមបញ្ជាក់ថា នៅថ្ងៃ១៦ មីនា ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃប្រេងសាំងថា ចាប់ពីថ្ងៃទី១៦-៣១ មីនា សាំងធម្មតាឡើងរហូតដល់៥៣០០រៀល ខណៈម៉ាស៊ូតក៏មានតម្លៃ៥៣០០រៀលដូចគ្នា ៕

To Top