Covid-19

ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅក្រុងបាវិត ទទួលបានជំនួយសង្គ្រោះបន្ទាន់ ក្នុងអំឡុងពេលកូវីដ-១៩

ស្វាយរៀង៖ លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ចែកអង្ករជំនួយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែ មានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូន ជនរួមជាតិទាំងអស់នៅគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជា ដោយមិនទុក្ខឲ្យអ្នកណា ស្លាប់ដោយសារអត់អាហារនោះទេ ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់ បណ្តាប្រទេសម្ចាស់ជំនួយ រួមមាន ជប៉ុន ចិន និងកូរ៉េ ដែលបានផ្តល់ជំនួយជាស្បៀង តាមរយៈ កិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ។ ក្នុងនោះលេខាធិការដ្ឋានស្បៀងម្រុង សង្គ្រោះបន្ទាន់អាស៊ានបូក៣ បានឯកភាពលើសំណើ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសាធារណៈរដ្ឋ កូរ៉េជាម្ចាស់ជំនួយ បានផ្គត់ផ្គង់អង្ករចំនួន ៣០០តោន ដល់កម្ពុជា និងមានការឯកភាពពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍លើ ការចែកអង្ករទាំងនេះ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧.៥០០គ្រួសារ ក្នុងខេត្តចំនួន៧ ខេត្ត គឺ ត្បូងឃ្មុំចំនួន ១.០០០គ្រួសារ បាត់ដំបងចំនូន ១.០០០គ្រួសារ បន្ទាយ មានជ័យចំនួន ១.៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១.០០០គ្រួសារ សៀមរាបចំនួន ១.០០០ គ្រួសារ និងខេត្តកំពង់ តាមចំនួន ១.០០០គ្រួសារ និងខេត្តស្វាយរៀងចំនួន ១.០០០គ្រួសារ ក្នុងនោះក៏ត្រូវបានបែងចែក ទៅតាមបណ្តាក្រុងស្រុក ទៅតាមកាលវិភាគផងដែរ ។

លោកស្រីក៏បានក្រឿនរំលឹក ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុង យាយីអាយុជីវិតមនុស្ស នៅទូទាំងពិភពលោក និងរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី និងត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

អំណោយដែលបាន ផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ ៤០គីឡូក្រាម ម៉ាស់ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល ៕

To Top