បរទេស៖ ប៉ុន្មានម៉ោងមុនការហៅ ទូរស័ព្ទតាមការគ្រោងទុករវាងប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីចិន លោក ស៊ី ជិនពីន ប្រទេសចិនបានបើកនាវា ផ្ទុកយន្តហោះរបស់ខ្លួន Shandong ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាមិញ ក្រសួងការបរទេសក្រុងប៉េកាំង និយាយថា ព្រឹត្តិការណ៍ទាំងពីរមិនទាក់ទងគ្នាទេ ហើយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានភាព រសើបខ្លាំងពេកអំពីរឿងនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រដោយ ដកស្រង់ប្រភពអនាមិកមួយថា នាវាផ្ទុកយន្តហោះ Shandong ត្រូវបានអមដំណើរដោយកប៉ាល់របស់ចិនមួយទៀតហើយបានឆ្លងកាត់ច្រកសមុទ្រនេះប្រហែល 12 ម៉ោងមុនការហៅទូរស័ព្ទរវាងលោក Biden-Xi ។ វាត្រូវបានគេរាយការណ៍ថា បានតាមដានពីចម្ងាយដោយនាវា USS Ralph Johnson ដែលជានាវាពិឃាតផ្ទុកមីស៊ីល Arleigh Burke-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។
រូបថតរបស់នាវាផ្ទុកយន្តហោះ ដែលថតបានដោយអ្នកដំណើរនៅលើជើងហោះហើរ ពាណិជ្ជកម្មឆ្លងកាត់ពីលើនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាបង្ហាញថា នាវា Shandong ដោយគ្មានយន្តហោះនៅលើនាវានោះទេ៕
ប្រែសម្រួលៈ ណៃ តុលា