បរទេស៖ ថ្ងៃអាទិត្យ ដោយគ្មានរថយន្ត នៅក្នុងទីក្រុង ធ្វើការពីផ្ទះរហូតដល់៣ថ្ងៃ ក្នុងមួយសប្តាហ៍ និងប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ប្រកបដោយប្រសិទ្ធភាព គ្រាន់តែជាអនុសាសន៍មួយចំនួន ដែលធ្វើឡើងដោយទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) ទៅកាន់ពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ផែនការសកម្មភាព 10 ចំណុចមានគោលបំណងកាត់បន្ថយការប្រើប្រាស់ប្រេង “នៅក្នុងការប្រឈមមុខ នឹងវិបត្តិថាមពលពិភពលោក ដែលកំពុងកើតឡើង ដែលបង្កឡើងដោយការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន” ។
យោងតាមការប៉ាន់ប្រមាណ របស់ IEA សកម្មភាពដែលបានស្នើ ប្រសិនបើពួកគេត្រូវបានអនុវត្ត ជាសកល អាចជួយកាត់បន្ថយ ការប្រើប្រាស់ប្រេងបាន ២,៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងរយៈពេល ៤ខែ ដែលនឹងស្មើនឹង ជាងពាក់កណ្តាល នៃការនាំចេញរបស់រុស្ស៊ី។ តាមការប៉ាន់ប្រមាណថា ពិភពលោកប្រើប្រាស់ជិត ១០០ លានបារ៉ែលជារៀងរាល់ថ្ងៃ។
ក្នុងចំណោមវិធានការ ដែលត្រូវអនុវត្តភ្លាមៗ ជាពិសេសប្រទេសអភិវឌ្ឍន៍ គឺការបន្ថយល្បឿនលើផ្លូវហាយវេ យ៉ាងតិច ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងហៅថា «ថ្ងៃអាទិត្យគ្មានរថយន្ត» ដោយក្នុងមួយថ្ងៃៗជួយសន្សំសំចៃ បានប្រមាណ ៣៨ ម៉ឺនបារ៉ែល។ នេះបើតាមអង្គការឃ្លាំមើល ថាមពលពិភពលោក បានអះអាង៕
ប្រែសម្រួលៈ ណៃ តុលា